(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ជាធម្មតាសម្រាប់ឆ្នាំ២០១៩នេះ ទោះបីជា ទណ្ឌិត សម រង្ស៉ី មានផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃ០៩ ខែវិច្ឆិកា ខាងមុខនេះ ដែលចំពេលអុំទូកក៏ដោយ។ សម្តេចបញ្ជាក់ថា បុណ្យអុំទូកនៅតែរៀបចំបាន ទោះកម្រិតទឹកទន្លេស្រកសល់ត្រឹម១ម៉ែត្រ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា កាលមុនទឹកធំពេកក៏យើងមិនអុំ ទឹកតូចពេកក៏យើងមិនអុំ ប៉ុន្តែឆ្នាំនេះ បើទោះបីជាទឹកនៅតែ១ម៉ែត្រ ក៏ត្រូវតែអុំដែរ ព្រោះខ្ញុំក៏ចង់ស្គាល់រស់ជាតិរបស់ដែលហៅថា "មកផ្តួលរំលំ ហ៊ុន សែន" នៅថ្ងៃទី០៩ (វិច្ឆិកា)" ព្រោះយើង ថ្ងៃទី១០-១១-១២ យើងអុំទូក បើយើងមិនអុំទូក វាថាយើងហ្នឹងចាញ់»។
លោក សម រង្ស៉ី ដែលជាប់ងារជាមនុស្សកំសាក បានប្រកាសវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលចំនឹងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩។ ជាធម្មតា អំឡុងព្រះរាជពិធីបុណ្យជាតិនេះ ប្រជាពលរដ្ឋជិតឆ្ងាយ បានធ្វើដំណើរមកចូលរួមទស្សនាបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ដែលធ្វើឱ្យរាជធានីភ្នំពេញ មានមនុស្សច្រើនជាងសព្វដង។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «មានតែ១ម៉ែត្រ ក៏អុំដែរ ដើម្បីសំពងក្បាលអ្នកឯង ខ្ញុំបន់ឱ្យតែដល់ថ្ងៃនោះទេ»។ សម្តេចបន្តថា កាលមុនទឹកនៅសល់៣ម៉ែត្រ រាជរដ្ឋាភិបាលអត់រៀបចំពិធីបុណ្យអុំទូកទេ ឆ្នាំទៅមុននេះទឹកមានកម្ពស់៥ម៉ែត្រ ដែលអាចរៀបចំពិធីបុណ្យអុំទូកបាន តែឆ្នាំនេះ បើធ្លាក់នៅត្រឹម១ម៉ែត្រ ក៏ត្រូវតែអុំដោយយកទូកតូចទៅអុំ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គត់របស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕