(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញនូវក្តីរីករាយចំពោះ កំណើននៃប្រាក់ចំណូលជាតិតាមរយៈពន្ធគយ និងពន្ធដារ ដែលមានកំណើនគួរឲ្យគត់សម្គាល់នៅរយៈពេល៩ខែ ឆ្នាំ២០១៩នេះ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រយៈពេល៩ខែឆ្នាំនេះ ចំណូលពីគយសម្រេចបាន១០៥ភាគរយលើសផែនការ ខណៈចំណូលពន្ធដារផ្ទៃក្នុងបានជាង៩៥ភាគរយហើយ។ សម្តេចបានថ្លែងថា នៅឆ្នាំនេះគយទទួលបានចំណូលលើសការគ្រោងទុកប្រមាណ ៨០០លានដុល្លារ ហើយបើគិតពីចំណូលសរុបវិញ ក្នុងមួយខែកម្ពុជាទទួលបានចំណូលប្រមាណ ៥០០លានដុល្លារ ហើយចាយទៅវិញប្រមាណ៣០០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ត្រឹមតែ៩ខែទេ ចំណូលដែលបានមកពីគយ បានទៅដល់១០៥ភាគរយរួចស្រេចទៅហើយ។ ចំណូលបានមកពីពន្ធដារផ្ទៃក្នុង បានជាង៩៥ភាគរយហើយ។ ខ្ញុំមិនទាន់និយាយអំពីចំណូលមិនមែនសារពើពន្ធនោះទេ ដែលវាទាក់ទងនឹងទិដ្ឋការទេសចរណ៍ចូល៣-៤លាននាក់ យើងក៏បាន១០០លានដុល្លារដែរ។...ខ្ញុំគ្រាន់តែនិយាយឲ្យលេខធ្លាយបន្តិចទៅចុះ ចំណូលពន្ធគយឆ្នាំនេះ អាចលើសផែនការប្រមាណ៨០០លានដុល្លារ ព្រោះឥឡូវនេះចំណូលគយរបស់យើង១០៥ភាគរយនេះ វាស្មើនឹង២,៣៨៤លានដុល្លារ ដូច្នេះយើងគ្មានការចាំបាច់យកប្រាក់ ដែលបានពីប្រេងកាត មកប្រើក្នុងចំណាយចរន្តទេ ដោយក្នុង១ខែយើងអាចមានប្រាក់ចំណូល ប្រមាណជាង៥០០លានដុល្លារ ឯចាយត្រឡប់ទៅវិញយើងចាយប្រមាណជា៣០០លានដុល្លារ អីចឹងយើងសន្សំបានក្នុង១ខែ ប្រហែល២០០លានដុល្លារ»។
សម្តេចតេជោបញ្ជាក់ថា កំណើនចំណូលជាតិតាមរយៈពន្ធគយ និងពន្ធដារនេះ ធ្វើឲ្យរាជរដ្ឋាភិបាលមានប្រាក់វិនិយោគដោយខ្លួនឯង ដោយមិនចាំបាច់ចាំតែពឹងដង្ហើមជំនួយរបស់បរទេសឡើយ ហើយប្រាក់ចំណូលទាំងនោះ គឺជាប្រាក់ពិតប្រាកដមិនមែនគ្រាន់តែជាតួលេខនោះឡើយ។
ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានទម្លាយផងដែរថា បច្ចុប្បន្នកម្ពុជាមានមាស៣០តោន។ ក្នុងនោះ១២តោនតម្កល់នៅប្រទេសស្វីស, ១៥តោនតម្កល់នៅអង់គ្លេស និង៣តោន តម្កល់នៅធនាគារជាតិនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «បើមិនគិតអំពីប្រាក់បំរុងអន្តរជាតិ ដែលមកដល់ក្នុងខែសីហាកន្លងទៅនេះ កម្ពុជាប្រាក់បំរុងជាង១៥ពាន់លានដុល្លារ ជាមួយនឹងមាសចំនួន៣០តោន។ មាសមរតកដើមដែលតម្កល់នៅស្វីស ១២តោន មាសដែលធនាគារជាតិទិញហើយទុកក្នុងប្រទេសអង់គ្លេសទីក្រុងឡុងដ៍ ១៥តោន និងមាសដែលធនាគារជាតិតម្កល់ទុក នៅទីក្រុងភ្នំពេញចំនួន៣តោន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការរីកចម្រើនរបស់កម្ពុជា តាំងពីបាតដៃទទេ គ្មានប្រាក់បំរុងសម្រាប់ប្រទេស រហូតដល់សល់ប្រាក់បំរុង ១៥ពាន់លានដុល្លារ និងការចំណាយជាតិប្រចាំឆ្នាំជិត៦ពាន់លានដុល្លារ៕