(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ចៅក្រមជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ បានសម្រេចប្រកាសសាលក្រម ទណ្ឌិត សម រង្ស៉ី និង បក្ខពួក២នាក់ផ្សេងទៀត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ចំពោះករណីប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ចំណែកជនពាក់ព័ន្ធម្នាក់ទៀត ដែលសមត្ថកិច្ចចាប់ខ្លួនបាន នឹងត្រូវប្រកាសនៅរសៀលនេះ។
ក្នុងសំណុំរឿងនេះ មានជនពាក់ព័ន្ធ៤នាក់ ដែលក្នុងនោះមាន ទណ្ឌិត សម រង្ស៉ី, លោក ហូ វ៉ាន់, លោក កាក់ កុម្ភារ និង លោក គង់ មាស់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមជនទាំងនោះ មានតែ លោក គង់ មាស់ ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្នុងសវនាការនេះ ចៅក្រមជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ បានអនុញ្ញាតឱ្យតំណាងអយ្យការ មេធាវីការពារក្តីជនត្រូវចោទឡើងធ្វើសេចក្តីសន្និដ្ឋានលើទណ្ឌិត សម រង្ស៉ី លោក ហូ វ៉ាន់ និង លោកកាក់ កុម្ភារ ដែលជាប់ចោទពីបទ ផ្តើមគំនិតប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍។ ចំណែក ឈ្មោះ គង់ មាស់ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថ និងញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានសម្រេចតម្កល់បទលើជនជាន់ទាំង៤នាក់ ដោយឥតកែក្រែ និងបានស្នើដល់តុលាការផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ។
សំណុំរឿងនេះ មានជនត្រូវចោទ បានប្រព្រឹត្តបទល្មើសក្នុងកំឡុងខែមេសា ដល់តុលា ឆ្នាំ២០១៨។សម្រាប់ លោក គង់ ម៉ាស់ តុលាការនឹងប្រកាសសាលក្រម នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ តែម្តង។
លោក គង់ ម៉ាស់ អតីតសកម្មជនក្រុមប្រឆាំង រស់នៅភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។ ខណៈដែលជនត្រូវចោទ៣នាក់ផ្សេងទៀត លោក សម រង្សុី , លោក ហូ វ៉ាន់ និងកាក់ កុម្ភារ កំពុងគេចខ្លួននៅឡើយ។
បើតាមរបាយការណ៍សមត្ថកិច្ច, ក្រោយការចាប់ខ្លួនអតីតសកម្មជនក្រុមប្រឆាំងនេះ សមត្ថកិច្ចបានរកឃើញមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមបញ្ជារបស់បុគ្គល សម រង្សី៕