(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន អស់រយៈពេលជាងមួយខែ។
ព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរនៅរសៀលថ្ងៃនេះ មានការអញ្ជើញទទួលព្រះរាជដំណើរពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងព្រះញាតិវង្សជាច្រើននាក់ និងអង្គផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពជាលើកទី២នៅទីក្រុងប៉េកាំង សម្រាប់ឆ្នាំ២០១៩នេះ កាលពីថ្ងៃទី២៦ ខែសីហា។ ក្នុងកំលុងពេលគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេលជាងមួយខែនេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ទទួលបានព្រះរាជបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងបានយាងព្រះអង្គចូលរួមក្នុងកម្មវិធីផ្សេងៗ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តស៊ីឈួន និងខេត្តឆុងឈីង។ ព្រះអង្គបានយាងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តទាំងពីរនេះ ដោយមានព្រះសវនាការពាក់ព័ន្ធនឹងការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តទាំងពីរជាមួយនឹងកម្ពុជា។
អង្គព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ត្រូវបានផ្តល់ព្រះរាជកិត្តិយសដ៌ឧត្តុង្គឧត្តមពីសំណាក់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង យាងចូលរួមក្នុង ពិធី លៀង សាយភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុងរដ្ឋធានីប៉េកាំង ដេីម្បី អបអរសាទរ ខួប លេីក ទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ដោយឡែកនៅប្រទេសកម្ពុជាវិញ ក្នុងកំលុងព្រះអវត្តមានរបស់ព្រះអង្គ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តី និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិដទៃទៀត រួមគ្នាដឹកនាំប្រទេសជាតិឱ្យដំណើរការ និងប្រព្រឹត្តទៅជាប្រក្រតីភាពប្រកបដោយភាពសុខក្សេមក្សាន្ត និងសម្រេចការងារជាច្រើនជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
ជាពិសេសក្នុងកំលុងនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលទើបបិទបញ្ចប់ទៅថ្មីៗ ប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីជាប្រវេណីជាតិខ្មែរមួយនេះ ដោយភាពសប្បាយរីករាយជាទីបំផុត ជាមួយការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរក្រោមម្លប់សុខសន្តិភាពរបស់សង្គមជាតិ៕