(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញមុខការពារដល់ សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទាំងអស់ ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សានានា នៅសហរដ្ឋអាមេរិក។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារអំពីគុណភាពសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលផ្តល់ដោយ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។
អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់ Fresh News តាម Email ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។
អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។
លោកស្រី បានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកូនខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាផ្នែកយោធា ពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៩ ហើយទទួលបានសញ្ញាបត្រសាលាល្បីនេះ ត្រឡប់មកកាន់ប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី អតីតមេដឹកនាំក្រុមប្រឆាំង ដែលបានក្លាយជាមេចលនាឧទ្ទាមបានវាយប្រហារដល់សញ្ញាបត្រពី សាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ដោយអះអាងថា ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។
ការរិះគន់នេះ បានបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអតីតនិស្សិត សាលាបណ្ឌិតសភាយោធា West Point ដទៃទៀត។ ក្រៅពីនោះ និស្សិតខ្មែរ ដែលសិក្សានៅសាលាយោធា នៅប្រទេសផ្សេងៗទៀត ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោស លោក សម រង្ស៉ីដែរ។
ក្រោយមានការរិះគន់នេះ លោក ហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៉ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។
ប៉ុន្តែទោះជាយ៉ាង នេះក្តី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីការពារសម្តីដែលលោកបានវាយប្រហារលើសញ្ញាបត្រយោធា រប់ស លោក ហ៊ុន ម៉ាណែត ឡើយ៕