(ភ្នំពេញ)៖ លោក ផាន សម្បត្តិ ជាអតីតនិស្សិតខ្មែរ១រូប ដែលបានទៅសិក្សានៅសាលាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងការមិនពេញចិត្តទាល់តែសោះចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ដែលបានប្រមាថដល់សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលប្រគល់ជូនដោយ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។
លោក ផាន់ សម្បត្តិ បានលើកឡើងលើ Facebook យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាអតីតនិស្សិតខ្មែរមួយរូបដែលបានចេញទៅសិក្សានៅ សាលាមេបញ្ជាការកងវិស្វកម្ម កងទ័ពជេីងគេាក នៃសាធារណរដ្ឋប្រជាមានិតចិន សូមសម្តែងការមិនគាំទ្រ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសម្តីលោក សម រង្ស៉ី ដែលបាននិយាយជាសាធារណៈ ចោទប្រកាន់មកលើ ឯកឧត្តម ហ៊ុន ម៉ាណែត ដោយថាសញ្ញាបត្រ បណ្ឌិតសភាកងទ័ពជើងគោកនៃសហរដ្ឋអាមេរិក (West point) របស់ឯកឧត្តម ជាសញ្ញាបត្រ័ក្លែងក្លាយ ឬសញ្ញាបត្រការទូត»។
លោកបានបន្តថា៖ ការសិក្សាជានាយទាហាននៅក្រៅប្រទេស គឺពិបាកគ្រប់បែបយ៉ាង ទាំងការរស់នៅ ការហ្វឹកហាត់ ការគោរពច្បាប់វិន័យ និងរាល់ការប្រលងគ្រប់មុខ វិជ្ជាទាំងអស់ តម្រូវតាមកម្រិតស្តង់ដារបស់សាលារយៈពេល៤-៥ឆ្នាំ គឺវាមិនងាយស្រួលនោះទេ។ លោករៀនបានច្រើតែសុំសួរថា លោកធ្លាប់ឆ្លងកាត់សាលាយោធាទេ? លោកដឹងទេថា ហ្វឹកហាត់វេទនាប៉ុណ្ណាទម្រាំបានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំរ បស់ប្រទេសមហាអំណាចមួយ។
លោកបញ្ជាក់ថា «ក្នុងនាមខ្ញុំបាទជាអតីតសិក្ខាកាមនាយទាហាន ក្រៅប្រទេសមួយរូប សូមសម្តែងការមិនពេញចិត្ត និងច្រានចោលនូវការចោទ ប្រកាន់មើលងាយសមត្ថភាពកូនខ្មែរ ដែលស្របពេលពិភពលោកកំពុងឱ្យតម្លៃ និងសញ្ញាបត្រដែលមានការទទួលស្គាល់ពីប្រទេសលើពិភពលោក»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី អតីតមេដឹកនាំក្រុមប្រឆាំង បានវាយប្រហារដល់សញ្ញាបត្រពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក ដែលផ្តល់ជូន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ថាជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត មិនដូចសញ្ញាបត្រដែលផ្តល់ជូននិស្សិតអាមេរិកនោះឡើយ។
ការរិះគន់នេះ បានបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអតីតនិស្សិត សាលាបណ្ឌិតសភាយោធា West Point ដទៃទៀត។ ក្រៅពីនោះ និស្សិតខ្មែរ ដែលសិក្សានៅសាលាយោធា នៅប្រទេសផ្សេងៗទៀត ក៏បានសម្តែងការខឹងសម្បា និងថ្កោលទោស លោក សម រង្ស៉ីដែរ។
តែទោះជាយ៉ាងនេះក្តី អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់ Fresh News តាម Email ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។
លោកស្រី បានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»៕