(កណ្ដាល)៖ ក្នុងបទសម្ភាសន៍ខ្លីជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News អ្នកគ្រូបង្រៀននៅខេត្តកណ្ដាលម្នាក់ បានលើកឡើងថា បើសិនជាទណ្ឌិត សម រង្ស៉ី ហ៊ានមកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ នឹងមានខ្នោះដៃរង់ចាំទទួលស្វាគមន៍ជានិច្ច។
គ្រូបង្រៀនរូបនេះ ក៏បានធ្វើការថ្កោលទោសយ៉ាងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថព្រះចេស្ដារ ព្រះមហាក្សត្រ និងមានបំណង់ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
អ្នកគ្រូបង្រៀន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់នៅខេត្តកណ្ដាល ខ្ញុំសូមដាក់ទោសដាច់ខាតចំពោះទណ្ឌិត សម រង្ស៉ី ដែលនឹងមានគម្រោងមកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បើលោកមកមានវត្ថុដែលចាំទទួលលោក គឺខ្នោះដៃ ព្រោះលោកជាទណ្ឌិតមួយ ដែលបានមើលងាយព្រះមហាក្សត្រ ហើយនឹងមានគម្រោងចង់ផ្ដួលរំលំព្រះមហាក្សត្រ។
ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំសូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ឈប់ជឿ ខ្ញុំទុកចិត្តដល់មនុស្ស ដែលមិនបានធ្វើអ្វីសោះចំពោះប្រទេសជាតិ យើងក្រឡែកមើលគ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ គឺមានសម្ដេចជាអ្នកដឹកនាំ ហើយព្រះមហាក្សត្រគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ពួកយើង ដូច្នេះហើយខ្ញុំសូមថ្កោលទោសដាច់ខាត និងសូមអំពាវនាវលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវថ្កោលទោសដាច់ខាតចំពោះទណ្ឌិត សម រង្ស៉ី ដែលនឹងមានគំនិត និងមានគម្រោងមកប្រទេសកម្ពុជានាពេលខាងមុខនេះ»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕