(ភ្នំពេញ)៖ ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងបរិស្ថាននឹងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលានេះ។
កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ នឹងពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាព បរិស្ថានជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា ឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន៖
១៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ នៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC)
២៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន
៣៖ សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូចជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។
ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវ៉ាន់នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ច សហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំង កិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដែលជាប្រទេសម្ចាស់ផ្ទះ៕