(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការស្តារ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ ក្នុងកញ្ចប់ដ៏ធំម្តងនេះ នឹងរៀបចំដាក់ឱ្យមានការដាក់លូឱ្យបានរួចរាល់ ទាំងលូទឹកភ្លៀង លូទឹកស្អុយ កន្លែងដាក់ខ្សែភ្លើង កន្លែងដាក់ខ្សែកាបទូរស័ព្ទ ប្រព័ន្ធទឹកស្អាត ដាក់ភ្លើងបំភ្លឺតាមដងផ្លូវ នឹងរៀបចំឱ្យហើយទាំងអស់តែម្តងក្នុងកញ្ចប់តែមួយ ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋចេះតែរអ៊ូថាពេលធ្វើផ្លូវ កាយផ្លូវដាក់លូ ដល់ពេលដាក់លូកាយផ្លូវវិញ ដូចនេះក្រុងព្រះសីហនុនេះ នឹងក្លាយជាក្រុងដំបូងគេ ដែលអនុវត្តន៍ផែនការនេះ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)» ដែលកម្មវិធីនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធទូទាំង ២៥រាជធានីខេត្ត។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ក្នុងការស្តារ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាបម្រុងចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅជួលជុលផ្លូវ ក្នុងក្រុងព្រះសីហនុ ដោយនឹងរៀបចំឱ្យមានស្តង់ដារផ្លូវដូចគ្នាទាំងអស់ ដោយចាក់បេតុង២តឹកកន្លះ ហើយនឹងថែម AC (អ៊ុតកៅស៊ូ) ៧ហ៊ុនថែមទៀត ដោយសារក្នុងតំបន់នេះមានភ្លៀងច្រើន ក្នុងនោះដែរនឹងរៀបចំស្តារប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ ឱ្យបានទាន់នឹងតម្រូវការអ្នកប្រើប្រាស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា ជាមួយនឹងការស្តារ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ មន្ត្រីជំនាញ ក៏នឹងធ្វើការស្តារប្រឡាយពង្រីក និងកាយយកសំរាមចេញ ដើម្បីរំដោះទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនោះ អាជ្ញាធរដែនដី និងមន្ត្រីជំនាញក៏កំពុងតែព្យាយាមដោះស្រាយ ដោយរកកន្លែងថ្មី ដើម្បីឱ្យពួកគាត់បានរស់នៅលែងឱ្យនៅលើដងប្រឡាយទៀតហើយ។
លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា បើតាមគម្រោងផែនការ គ្រប់ការស្តារ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ និងធ្វើឱ្យបានហើយក្នុងរយៈពេល៨ខែ ក្នុងនោះដែរគ្រប់ការស្តារ និងជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងរាជធានីខេត្ត និងចាប់ផ្តើមធ្វើដំណាលគ្នាតែម្តង បន្ទាប់ពីលែងមានភ្លៀង ដោយថវិកាគឺមានគ្រប់អស់ហើយ នៅឡើយតែយើងប្រើមិនទាន់បានធ្វើ ដោយសារតែរដូវភ្លៀងមិនអាចជួសជុលផ្លូវបាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ផ្លូវនៅក្នុងខេត្តកំពត គឺត្រូវតែធ្វើឱ្យបានលឿន និងរួចរាល់មុនបុណ្យសមុទ្រ នៅក្នុងខែ១២ខាងមុខនេះ ហើយអ្វីដែលសំខាន់ទៀតនោះ កម្ពុជាយើងនឹងមានព្រឹត្តិការណ៍ប្រណាំងកង់ខ្នាតអន្តរជាតិ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ដែលនឹងត្រូវធ្វើការជិះកង់ពីខេត្តកោះកុង ដល់ក្រុងព្រះសីហនុ ដូចនេះហើយផ្លូវដែលគេត្រូវជិះនេះ ត្រូវតែជួសជុលឱ្យបានស្អាត និងរួចរាល់មុនការចាប់ផ្តើមព្រឹត្តិការណ៍ ប្រណាំងកង់ខ្នាតអន្តរជាតិនេះ៕