(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងការនៅឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសកម្ពុជា និងវៀតណាម នឹងសម្រេចបានជាង៥ពាន់លានដុល្លារ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម រដ្ឋធានីហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងវិស័យពាណិជ្ជកម្ម យើងមានសេចក្តីសោមនស្ស ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលកាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានចំនួនប្រមាណជាង ៤.៧ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ២៤% ធៀបនឹងឆ្នាំ២០១៧។ ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសយើងទាំងពីរ សម្រេចបានចំនួន ២.៧២ពាន់លានដុល្លារអាមេរិក ហើយដែលយើងរំពឹងថា នឹងសម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ»។
ផលិតផលដែលវៀតណាមនាំចូលកម្ពុជា មានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្ម ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ខណៈផលិតផលដែលកម្ពុជានាំចេញទៅវៀតណាមមានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងវិស័យវិនិយោគ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគ របស់ក្រុមហ៊ុនវៀតណាមចំនួន ៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃការវិនិយោគពីវៀតណាមក្នុងវិស័យនានា ដូចជា វិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំលក់រាយជាដើម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយ អ្នកវិនិយោគកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។
ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕