(ហាណូយ, វៀតណាម)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានបង្ហាញគោលជំហររួមគ្នា ក្នុងការគាំទ្រប្រទេសទីម័រលេស ដើម្បីក្លាយជាសមាជិក សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅពេលខាងមុខនេះ។
ជំហរគាំទ្ររបស់ប្រទេសសមាជិកអាស៊ានទាំងពីរនេះ ត្រូវបានបង្ហាញឡើង តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម ក្នុងសន្និសីទរួមសារព័ត៌មានរួមគ្នា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឯកភាពដើម្បីគាំទ្រទីម័រលេស ដើម្បីចូលជាសមាជិកអាស៊ាននៅពេលខាងមុខ»។ សម្តេចបន្តថា «ដោយសារតែការខិតខំប្រឹងប្រែង របស់ទីម័រលេស ល្មមដល់ពេលវេលាដែលមេដឹកនាំអាស៊ាន សម្រេចចិត្តឱ្យទីម័រលេស ក្លាយទៅជាសមាជិកអាស៊ាននៅពេលខាងមុខ ហើយប្រហែលជាសមស្របបំផុត ដែលជាពេលវេលាដែលទីម័រលេស ត្រូវចូលប្រជុំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ២០២០»។
សូមបញ្ជាក់ថា ប្រទេសទីម័រលេស បានស្វះស្វែងរកការអនុញ្ញាត ចូលជាសមាជិកអាស៊ានយូរឆ្នាំណាស់មកហើយ។ កម្ពុជា គឺជាប្រទេសមួយនៃសមាជិកអាស៊ាន បានប្រឹងប្រែងខ្លាំងណាស់ផងដែរ ដើម្បីជួយឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន។
មេដឹកនាំកម្ពុជា ដែលធ្លាប់មានប្រវត្តិជួបការលំបាកពេលកម្ពុជា សុំចូលជាសមាជិកអាស៊ានដែរនោះ បានមានសមានចិត្តខ្ពស់ក្នុងការជួយប្រទេសទីម័រលេស។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា មានតែប្រទេស ដែលធ្លាប់ជួបការលំបាកដូចគ្នានោះទេ ទើបយល់ការលំបាករបស់ទីម័រលេស។
អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលដំបូងឡើយមានប្រទេសចំនួន៥ គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ក្រោយឆ្នាំ១៩៨៤ ទើបប្រទេស៥ទៀតក្នុងតំបន់ ចូលជាបន្តបន្ទាប់ទៀត រួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ចូលថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៩៩៕