(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងការរីករាយ និងពេញចិត្តជាខ្លាំងចំពោះលទ្ធផលបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលសម្រេចបានប្រមាណ៨៤ភាគរយ ហើយឈានទៅចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលទ្ធផលនេះជារឿងមោទនភាពមួយសម្រាប់កម្ពុជា និងវៀតណាម ដែលបានប្រឹងប្រែងទម្លុះនូវការលំបាកទាំងឡាយ រហូតសម្រេចបានលទ្ធផលតាមការចង់បាន ហើយស្ទើរតែបញ្ចប់ទាំងស្រុងលើការងារព្រំដែនគោករវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែននាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដោយយើងទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាងប្រទេសទាំងពីរ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរ ដែលសម្រេចបានលទ្ធផលគួរឱ្យមោទនភាពទាំងការងារ នៅលើដីជាក់ស្តែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តិសាស្ត្រដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ គឺមានសារៈសំខាន់ណាស់ ហើយប្រសិនបើមិនប្រឹងប្រែងបញ្ចប់ បញ្ហាព្រំដែននេះទេ កម្ពុជា និងវៀតណាម នៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត។ បញ្ហានេះងាយក្លាយជាកម្មវត្ថុប្រជែង ផ្នែកនយោបាយទៀតផង ដែលនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែន។
បើទោះបីការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបានលទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បន្តទាមទារឱ្យប្រទេសទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេងមិនត្រឹមតែលើការងារ ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីនតំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍន៍អ្វីសោះនោះឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានឯកភាព និងព្រមព្រៀងគ្នា កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ភាគរយហើយ។ ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តដោះស្រាយលើបញ្ហាព្រំដែនសេសសល់ ១៦ភាគរយទៀត ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងពិធីនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្តេជ្ញាចិត្តក្នុងការកសាងតំបន់ព្រំដែនមិនត្រឹមតែជាមួយវៀតណាមប៉ុណ្ណោះទេ តែជាមួយថៃ និងឡាវផងដែរ ឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនទៅតំបន់គ្មានការភ័យខ្លាច ទៅជាតំបន់ដែលមានជីវភាពធូរធា និងជាតំបន់មានការអភិវឌ្ឍសុខដុមណីកម្មរុងរឿងតរៀងទៅ៕