(ឧត្តរមានជ័យ)៖ សាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើការចោទប្រកាន់បុគ្គល ២រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ជូនថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចចោទប្រកាន់លើឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណវទី ហៅ រុណភេទប្រុស អាយុ៤៧ឆ្នាំ និងបក្ខពួក ពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ព្រះខជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនិងអំពើរបស់ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ រុណ ភេទប្រុស អាយុ៤៧ឆ្នាំ និងបក្ខពួក ដោយបានកៀងគរប្រជាពលរដ្ឋដែលបានចំណាក ស្រុកទៅប្រទេសថៃ ឱ្យទៅចូលរួមក្នុងផែនការផ្តលរលំរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្សី» ដោយអនុវត្តតាមការអំពាវនាវ របស់ឈ្មោះ សម រង្ស៊ី និងបក្ខពួក។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្របនិងនេះផងដែរឈ្មោះ អូន ស៊ាន ហៅ ស៊ាន និងឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ រុណ និងបក្ខពួក បានធ្វើសកម្មភាព កៀងគរប្រជាពលរដ្ឋដែលបានចំណាកស្រុក ទៅប្រទេសថៃ ព្រមទាំងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនិងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាល និងត្រូវប្រឈម តាមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសចាប់ពី ០៥ឆ្នាំ ទៅ១០ឆ្នាំ តាមប្បញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ក៏បានចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ពាក់ព័ន្ធការចូលរួមគំនិតក្បត់ និងការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកល «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី»។
តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ។ ជនត្រូវចោទរូបនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៤០ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ៖ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង អង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី» ដោយមានការអំពាវនាវ និងប្រើប្រាស់ថវិកា ប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាម ប្រដាប់អាវុធ ខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ជូនថា ដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលជាន់ខ្ពស់ បានឲ្យដឹងថា បុគ្គលឈ្មោះ ម៉ោញ សារ៉ាត់ បានគេចខ្លួនទៅកាន់ប្រទេសថៃ កាលពីប៉ុន្មានឆ្នាំមកហើយ និងបច្ចុប្បន្ននេះបុគ្គលខាងលើ បានចូលរួមរៀបចំផែនការ នៃការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ទៀតផង៕