(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសហៅក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឲ្យមកស្រុកខ្មែរកាន់តែលឿនកាន់តែល្អ ព្រោះកុំចាំដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារនៅយូរទៀត។
ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃ៩ វិច្ឆិកា ជាបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទដែរ មិនសមបើគេយកថ្ងៃនេះ ធ្វើជាថ្ងៃផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចាប់នាយករដ្ឋមន្ដ្រី [...] អញ្ជើញមកហែង អញ្ជើញឲ្យលឿនមក ហែងកុំចាំដល់ណុង ហែងមកមុនមកល្អ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឌឺដងទៅឲ្យឧក្រិដ្ឋជន សម រង្ស៉ី ត្រូវរៀនស្វែងយល់ឲ្យបានច្បាស់ចំពោះអត្ថន័យ គោរមងាជា «តេជោ» របស់សម្ដេច ដែលត្រូវព្រះមហាក្សត្រប្រទានឲ្យ មុននឹងសម្រេចចិត្តថាចង់មកផ្ដួលរំលំ ដូចអ្វីដែលខ្លួនកំពុងតែភូតភរគេឯងនោះ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការងឿងឆ្ងល់ថា តើក្រុមឧទ្ទាមទាំងអស់នោះ មកប្រទេសកម្ពុជាតាមច្រកណា ដើម្បីចាប់សម្ដេច? ហើយក្រុមនោះ នឹងប្រើប្រាស់មធ្យោបាយ ឬយន្ដហោះប៉ុន្មានគ្រឿង ដើម្បីដឹកកម្មករមកពីប្រទេសកូរ៉េ និងប្រទេសថៃ។ ប៉ុន្ដែសម្ដេចផ្ដាំទៀតថា ប្រសិនបើមកកម្ពុជា តាមដីថៃប្រយ័ត្នដើរជាន់មីន ព្រោះតំបន់ខ្លះមីនមិនទាន់បានដោះរួចរាល់នៅឡើយទេ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ហើយខ្ញុំក៏ចេះតែមិនដឹងថា តើវាមកតាមផ្លូវណា? ហើយសុទ្ធតែមនុស្សរាប់លាននាក់ អាហ្នឹងវាមកតាមណា វាថាដឹកពីកូរ៉េផង ដឹកពីថៃផង តែបើពីកូរ៉េទាល់តែយន្ដហោះ៥០០គ្រឿងអី ងងឹងមេឃរកកន្លែងចុះមិនបាន។ ហើយនៅថៃគិតថាកម្មករ គាំទ្រទាំងអស់ឬយ៉ាងមិច មកថៃមកខុសកន្លែងក្រែងត្រូវមីនងាប់ទៀត ដោះមីនអត់ទាន់អស់ទេ នៅតាមព្រំដែនកម្ពុជា-ថៃ»។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅរបស់ក្រុមឧទ្ទាមមិនមែនគ្រាន់តែចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះទេ ពោលពួកគេក៏មានបំណងចង់រំលាយរបបរាជានិយមថែមទៀតផង ដែលទង្វើរនេះមិនអាចអត់ឱនឲ្យបានជាដាច់ខាតនោះឡើយ។
គួរជម្រាបថា ជាមួយគម្រោងនៃការវិលត្រឡប់ចូលស្រុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុនេះ របស់ឧក្រិដ្ឋជន សម រង្ស៉ី, សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ៕