(ភ្នំពេញ)៖ ក្នុងនាមជាប្រធានក្រុមគាំទ្រកម្រងប្រទេសរបស់ សហព័ន្ធអន្តរជាតិប្រចាំប្រទេស កម្ពុជា-ថៃ-វៀតណាម-ឡាវ លោក គ្រីស្ដូហ្វើ រ៉ាស៊ី (Christopher RASSI) បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ក្នុងការបន្ដជួយគាំទ្រ និងសហការជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
លោក គ្រីស្ដូហ្វើ រ៉ាស៊ី នឹងចុះមកសិក្សាស្វែងយល់ពីតម្រូវការចាំចាច់របស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញការងារមនុស្សធម៌ ជួយសង្រ្គោះដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពី លោក តាំង សាមឿន លេខាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការថ្លែងបែបនេះរបស់ លោក គ្រីស្ដូហ្វើ រ៉ាស៊ី បានធ្វើឡើងក្នុងឱកាសដែលលោកចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នាស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
លោក គ្រីស្ដូហ្វើ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសរបស់សហព័ន្ធអន្តរជាតិប្រចាំប្រទេស កម្ពុជា-ថៃ-វៀតណាម-ឡាវ ដែលមានទីស្នាក់នៅទីក្រុងបាងកក បានបញ្ជាក់ទៀតថា យើងនឹងបន្ដសហការរួមគ្នាបន្ថែមទៀត ជាពិសេសនៅក្នុងពេលឆាប់ៗខាងមុខ ក្រុមការងារ IFRC នឹងចុះមកសិក្សារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្ដែង ដើម្បីបង្កើតគម្រោងកៀរគរសប្បុរសជននានា ឱ្យចូលរួមសហការឧបត្ថម្ភ។ ជាពិសេស ក្នុងការកសាងនូវផែនការ ក៏ដូចជាគម្រោងសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ដែលមានជាថវិកា ដើម្បីត្រៀមឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងការជួយសង្រ្គោះ ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងគ្រោះបំផុត ពេលជួយគ្រោះមហន្ដរាយធម្មជាតិនានា។
ជាកិច្ចឆ្លើយតប សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានស្វាមគន៍ដ៏កក់ក្ដៅ និងគាំទ្រទាំងស្រុង ទៅលើកិច្ចសហប្រតិបត្ដិការនេះ ជាពិសេស ជាមួយគំនិតផ្ដួចផ្ដើមថ្មីមួយនេះ ដែលនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតបានយ៉ាងល្អប្រសើរ។ សម្តេចបានថ្លែងថា «ក្នុងនាមយើងខ្ញុំ និងមន្ដ្រីកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញការងារនេះដើម្បីបំពេញការងារនេះ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់យើង»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា ក៏មាននូវបណ្តាញសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅទូទាំង២៥ រាជធានី-ខេត្ត នឹងស្វាគមន៍រីករាយសហការជានិច្ច ជាមួយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហម IFRC ដើម្បីអនុវត្ដដំណើរគម្រោងខាងលើនេះ ប្រកបដោយតម្លាភាពខ្ពស់។
ក្នុងឱកាសនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បន្ដទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងពី ដៃគូសប្បុរសជនជាតិ និងអន្ដរជាតិ តាមរយៈការប្រារព្ធ ទិវា ៨ឧសភា ជាងរៀងរាល់ឆ្នាំ ដែលធ្វើឱ្យដំណើរការសកម្មភាពមនុស្សធម៌របស់យើង មានភាពរឹងមាំ ក្នុងការបន្ដចុះជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ប៉ុន្ដែដើម្បីឱ្យប្រតិបត្ដិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កាន់តែមានភាពរឹងមាំប្រកបដោយតម្លាភាពខ្ពស់ ក្នុងការសង្រ្គោះពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត កាកបាទក្រហមកម្ពុជា ត្រូវការជាចាំបាច់ នូវការបន្ដជួយឧបត្ថម្ភគាំទ្របន្ថែមទៀតពីសហព័ន្ធ និងដៃគូអភិវឌ្ឍ ។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងកោតសរសើរ ចំពោះការសហការយ៉ាងសកម្មជា របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហម IFRC ដែលនៅតែខិតខំប្រឹងប្រែង និងបានប្ដេជ្ញាបន្ដជួយ ទាំងបច្ចេកទេស ជំនាញ ក៏ដូចជាថវិកា។ កន្លងមកនេះ IFRC ក៏បានជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង តាមរយៈទឹកស្អាត និងចរាចរណ៍ជាដើមផងដែរ។
ការជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើឱ្យសមាគមន៍ជាតិរបស់កាកបាទក្រហមកម្ពុជា ក្លាយជាសមាគមន៍ជាតិ ប្រកបដោយភាពរឹងមាំ ក្នុងការជួយសង្គ្រោះពលរដ្ឋ។ ជាពិសេស ក្រោយពីសិក្សាស្វែងយល់គ្នាពីការងាររវាងគ្នានៅពេលខាងមុខនេះ យើងសង្ឃឹមថា នឹងទទួលបានផ្លែផ្កាជាច្រើន សម្រាប់ផ្ដល់ជាផលប្រយោជន៍ខ្ពស់ ជួយទៅដល់ប្រជាពលរដ្ឋយើង ដែលកំពុងតែរងចាំការជួយសង្គ្រោះ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។
ជាពិសេស ជាស្ថាប័ននាំមុខគេ ក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹងកុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕