(ភ្នំពេញ)៖ លោក សម រង្សី ជាអ្នកនយោបាយខ្មែរមួយរូបនៅកម្ពុជាដែលព្យាយាមតតាំងជាមួយនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន អស់រយៈពេល២២ឆ្នាំមកហើយ ហើយនៅតែបន្តអាជីពមួយនេះ បើទោះបីជាមតិទូទៅប្រមើលឃើញថា ជោគវាសវារបស់គាត់សម្រាប់តំណែងដឹកនាំប្រទេសស្ថិតនៅតែក្នុងក្តីស្រមៃក៏ដោយ។
លោក អេង ឆៃអៀង សេនាធិការដៃស្តាំរបស់លោក សម រង្សី បាននិយាយថា អ្នកនយោបាយជាច្រើននៅស្រុកខ្មែរបានទៅអស់ហើយ នៅឡើយតែលោកប្រធាន សម រង្សី មួយគត់ដែលអាចតតាំងជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរហូតដល់សព្វថ្ងៃ ហើយលោកប្រធានក៏មិនទាន់មានប្រវត្តិជាប់ពន្ធនាគារនៅឡើយ។
ភាសារបស់លោក អេង ឆៃអៀង មិនខុសទេ តែក៏មិនត្រូវលើតថភាពនយោបាយរបស់គណបក្សប្រឆាំងមួយនេះ ដែលគួរណាស់តែនៅរស់ហើយកាន់តែរីកធំធាត់ជាងនេះ ដើម្បីឲ្យសមទៅនឹងការតស៊ូដ៏ស្វិតស្វាញរបស់លោក សម រង្សី ដែលបានផ្តើមធ្វើនយោបាយពីសមាជិកដ៏តិចតួចរហូតទទួលបានការគាំទ្រពីពលរដ្ឋរាប់លាននាក់ តែចុងបញ្ចប់ក៏បាត់បង់ឳកាសទាំងស្រុងទៅវិញក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។
ក្តីទន្ទឹងរង់ចាំបាត់ៗអស់ជាងពីរទសវត្សមកនេះ ធ្វើឱ្យអ្នកដែលគាំទ្រគណបក្សប្រឆាំង ចេះតែរសាយចិត្តបណ្តើរៗ ជាពិសេសជំនឿទុកចិត្តលើ ក្បាលម៉ាស៊ីនដឹកនាំរបស់លោក សម រង្សី ដែលមួយរយៈចុងក្រោយនេះ បានត្រឹមតែបំពងសម្លេងពីចំងាយក្នុងរូបភាពគ្រាន់តែដើម្បីកុំឱ្យគេបំភ្លេចរូបគាត់តែប៉ុណ្ណោះ។
ដើម្បីនិយាយឲ្យគេឮ ឲ្យគេចាប់អារម្មណ៍ លោក សម រង្សី ក៏ប្រថុយប្រថានប្រើប្រាស់ពាក្យអសុរស ជេរប្រមាថ និងចោទប្រកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតដល់កូន និងចុងក្រោយនេះក៏ធ្លាយដល់ព្រះមហាក្សត្រទៀត។ ពាក្យពេចន៍និងការចោទប្រកាន់នានាដែលមិនមានមូលដ្ឋានច្បាស់លាស់ បាននាំឱ្យរូបគាត់រួបរឹតដោយបណ្តឹងតុលាការហូតដល់១៥ករណី ក្នុងនោះ ៦ករណីត្រូវបានផ្តន្ទាទោសរួចទៅហើយ ។
លោក ឡៅ ម៉ុងហៃ អ្នកតាមដាននយោបាយមួយរូបនៅកម្ពុជាបាននិយាយថា លោក សម រង្សី ជាអ្នកទោសវិសាមញ្ញ (extraordinary convict) ដែលត្រូវបានគេប្តឹងច្រើនលើសលប់។ ក្នុងបរិបទនេះ សម្រាប់អ្នកអនុវត្តច្បាប់គេនឹងយល់ថា លោក សម រង្សី ជាមនុស្សមិនប្រក្រតីដែលប្រព្រឹត្តបទល្មើសជាច្រើន និងធ្វើម្តងហើយម្តងតទៀត មិនរាងចាល។
មកដល់ឆ្នាំនេះលោកសម រង្ស៊ី មានអាយុ៧០ឆ្នាំទៅហើយ ត្រូវបានគេប្រមើលមើលឃើញថា លោកនឹងមិនមានវាសនាអាចប្រជែងយកអំណាចពីនាយករដ្ឋមន្រ្តី ហ៊ុន សែន អាយុ ៦៨ឆ្នាំបានឡើយ នោះក៏ដោយសារគាត់ខ្វះខាតយុទ្ធសាស្រ្តនយោបាយវែងឆ្ងាយ ខ្វះខាតភាពឈ្លាសវៃក្នុងការដឹកនាំ និងខ្វះសមត្ថភាពក្នុងការ បង្រួមបង្រួមពីការបែកបាក់ផ្ទៃក្នុងបក្ស និងជាពិសេសកត្តាគាំទ្រពីប្រទេសមហាអំណាចធំៗ និងលោកខាងលិច។
ដោយឡែកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាមនុស្សអច្ឆរិយៈមូយនៅកម្ពុជានោះដោយសារគេសំដៅទៅលើសមត្ថភាពចំឡែករបស់គាត់ ដែលកើតចេញពីរាស្រ្តសាមញ្ញ តែមានសមត្ថភាពចំឡែកក្នុងការដឹកនាំប្រទេស ទោះជាប្រឈមនឹងសង្រ្គាមស៊ីវិលឆ្លងទសវត្សជាមួយភាគីផ្សេងៗទៀត ប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសខាងក្រៅ និងវិបត្តិនយោបាយច្រើនលើកច្រើនសារ រហូតដល់គេដាក់រហ័សនាមថាជា «បុរសខ្លាំងកម្ពុជា» បន្ទាប់ពីបុរសរូបនេះបានយកឈ្នះលើគូប្រជែងនយោបាយច្រើនរាប់មិនអស់ រួមទាំងខ្មែរក្រហមផង។
បែរមកលោក សម រង្សី វិញ អ្នកដែលតាមដាននយោបាយខ្មែរទាំងក្នុង និងក្រៅប្រទេសតែងបង្កើតជាចំងល់ថា តើលោក សម រង្សី ត្រូវបានប្រទេសលោកខាងលិចណាមួយគាំទ្រដែរឬទេ? ព្រោះថាមួយជីវិតនយោបាយរបស់គាត់ជាមេដឹកនាំគណៈបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ហេតុអ្វីបានជាអាមេរិកមិនដែលអនុញ្ញាតឲ្យគាត់ចូលសេតវិមាន ឬត្រូវបានអញ្ជើញឲ្យជួបជាមួយមេដឹកនាំធំៗរបស់លោកខាងលិច? ហេតុអ្វីមេដឹកនាំបារាំងមិនដែលអនុញ្ញាតឲ្យគាត់ចូលជួប នៅពេលដែលលោក សម រង្សី កំពុងកាន់សញ្ជាតិបារាំងស្រាប់? អ្នកខ្លះគេបានសន្និដ្ឋានថា ប្រហែលជាមេដឹកនាំលោកខាងលិចគេសិក្សាពីកម្រិតឈ្លាសវៃផ្នែកខួរក្បាល (IQ = Intelligence Quotient) របស់គាត់មិនគ្រប់ចំនួនក៏ថាបាន។
វិលមកយុទ្ធសាស្រ្តនយោបាយវិលរកទ្រនំនៅថ្ងៃទី៩ ខែវិច្ឆិការខាងមុខនេះ អ្នកវិភាគជាច្រើនយល់ថា វាជានយោបាយទាល់ច្រកចុងក្រោយរបស់គាត់ ដែលត្រូវឆ្ល្លៀតឱកាសទោះជាដឹងថាជា «ល្បែងនយោបាយដ៏ប្រថុយប្រថាន» ក៏ដោយ។ នយោបាយនេះមិនបានធ្វើឱ្យពលរដ្ឋខ្មែរមានសង្ឃឹមទេ តែជានយោបាយគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ប្រទេសជាតិ និងប្រជាជន និងធ្វើឱ្យអ្នករកស៊ីភ័យខ្លាច ខ្លាចរហូតដល់លែងហ៊ានចង់បន្តប្រកបរបររកស៊ី ព្រោះខ្លាចដល់សង្រ្គាមកើតឡើង។
ក្នុងជីវិតនយោបាយជាង២០ឆ្នាំមកនេះ លោក សម រង្សី មិនទាន់បាននាំលាភសំណាងដល់អ្នកដែលតាមហែរហម និងស្រលាញ់គាត់នៅឡើយទេ ផ្ទុយទៅវិញអ្នកគាំទ្រច្រើនលើសលប់តែងទទួលនូវវាសនាដ៏អាក្រក់ ជួបប្រទះនូវវិបត្តិនានាក្នុងជីវិតនយោបាយ ព្រាត់ប្រាស់គ្រួសារប្រពន្ធកូន ជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិផ្ទាល់ខ្លួនរហូតដល់ធ្លាក់ខ្លួនក្រ និងមានជំងឺប្រចាំកាយជាដើម។
ដូចនេះសម្រាប់ថ្ងៃ៩ វិច្ឆិកាខាងមុខ វាក៏មិនអាក្រក់ពេកដែរ បើសិនជាលោក សម រង្សី ប្តូរចិត្តមិនចូលស្រុក ដោយយល់ថា បើចូលស្រុកនឹងនាំទុក្ខលំបាកកាន់តែខ្លាំងថែមទៀត ដល់អ្នកគាំទ្ររបស់ខ្លួន នេះមិនទាន់គិតដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ីផង៕
ដោយ៖ និស្សិតស្រលាញ់យុត្តិធម៌