(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលមាន១១ជំពូក និង៥១មាត្រា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ ក្រោមសំឡេងគាំទ្រចំនួន១០៥សំឡេង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នារសៀលថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ចំណែកលោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាច្បាប់សម្រាប់ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករ ក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិ និងផលប្រយោជន៍ អ្នកប្រើប្រាស់ គាំទ្រទីផ្សារឲ្យមានការប្រកួតប្រជែងទំាងតម្លៃគុណភាពទំនិញ និងសេវា។
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានរៀបចំតាក់តែងឡើងជាលើកដំបូងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រជុំពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ក្នុងកម្មវិធីការងារ និងផែនការសកម្មភាពរបស់ ក្រសួងពាណិជ្ជកម្មដែលមានដាក់បញ្ចូលក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោកដែលជំរុញដំណើរការសេដ្ឋកិច្ចទីផ្សារប្រកបដោយប្រសិទ្ធភាព។
សព្វថ្ងៃមានប្រទេសជាច្រើនលើសកលលោក ដែលក្នុងនោះមានប្រទេសអាស៊ានចំនួន៩ បាននិងកំពុងអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ពីព្រោះច្បាប់នេះមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ គាំទ្រទីផ្សារឱ្យមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាពទំនិញ និងសេវាបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្មដែលសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ និងធ្វើឱ្យពាណិជ្ជកម្មនោះមានការប្រកួតប្រជែងដោយស្មើភាព ហើយអ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីការពារអ្នកប្រើប្រាស់ពីអំពើ និងការអនុវត្ត មិនសុចរិតរបស់ពាណិជ្ជករប៉ុណ្ណោះទេ ថែមទាំងចែងអំពីព័ត៌មានដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ និងអនុញ្ញាតឱ្យបញ្ញត្តិករពាក់ព័ន្ធរៀបចំបទប្បញ្ញត្តិស្តីពីបទដ្ឋានព័ត៌មានដែលពាណិជ្ជករត្រូវប្រតិបត្តិតាម។ សេចក្តីព្រាងច្បាប់នេះជួយបំពេញបន្ថែមដល់បណ្តាច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានាលើកិច្ចការពារអ្នកប្រើប្រាស់ រួមទាំងក្រមរដ្ឋប្បវេណី ផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕