(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម (កែសម្រួល) មាត្រាចំនួន៩ នៅក្នុងច្បាប់ស្តីពីសហជីព។ ការអនុម័តបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា មាត្រាទាំង៩នៃច្បាប់ស្តីពីសហជីព ដែលស្នើធ្វើវិសោធនកម្មនេះរួមមាន៖ មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៥ និងមាត្រា៥៩។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសហជីព ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាច្បាប់ដ៏មានសារសំខាន់ក្នុងការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ស្តីពីសេភាពនៃសមាគម និងការពារសិទិ្ធនៃការបង្កើតសមាគម និងលេខ៩៨ ស្តីពីសិទ្ធិនៃការបង្កើតសមាគម និងសិទ្ធិនៃការចរចាជាសមូហភាព ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
លោក ផៃ ស៊ីផាន បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព គឺជាសមិទ្ធផលគិតយុត្តថ្មីមួយទៀត ក្នុងការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងដើម្បីបង្ហាញអំពីការប្តេជា្ញចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតស្របតាមបទដ្ឋានអន្តរជាតិ។
យោងតាមការបញ្ជាក់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងនេះ បានឆ្លងកិច្ចប្រជុំបច្ចេកទេសចំនួន ៦លើក សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិចំនួន ២លើក ដោយមានការចូលរួមពីតំណាងអង្គការ ILO កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំចំនួន២លើក, និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២៧ ដោយបានពិភាក្សាយ៉ាងលម្អិតលើមាត្រានីមួយៗ និងបានឯកភាពលើខ្លឹមសារនៃសេចក្តីព្រាង។
បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ចំពោះការធានាសិទ្ធិអង្គការវិជ្ជាជីវៈ ដែលជាចំណុចស្នូលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារដែលបានលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងការប្រកួតប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករនិយោជិត ។ សេចក្តីព្រាងច្បាប់នេះ បានទទួលបានការគាំទ្រនិងស្វាគមន៍ពីដៃគូសង្គម និងដៃគូអភិវឌ្ឍទាំងអស់នៅកម្ពុជា។
លោក ផៃ ស៊ីផាន ក៏បានឱ្យដឹងផងដែរថា ការរៀបចំកែសម្រួលបញ្ញតិមាត្រាចំនួន៩ នៃច្បាប់ស្តីពីសហជីពក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
* លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈរបស់អ្នកបម្រើក្នុងផ្ទះ ដោយធ្វើការរំលេចពាក្យនេះឲ្យ ឃើញច្បាស់នៅក្នុងមាត្រា៣(ថ្មី)
* សម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព ដែលបញ្ញាត្តក្នុងមាត្រា២០(ថ្មី) និងមាត្រា២១(ថ្មី) ដោយមិនតម្រូវឲ្យធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថា មានកម្រិតវប្បធម៌យ៉ាងហោចណាស់ចេះអាន ចេះសរសេរអក្សរខែ្មរ និងមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ចំពោះកម្មករនិយោជិតខែ្មរ និង មិនតម្រូវឲ្យធ្វើសេចក្តីប្រកាសថាមិនធ្លាប់ទទួលផ្តន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ ចំពោះកម្មករនិយោជិតជាជនបរទេស និងនិយោជក ដែលចង់ក្លាយជាអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល នៃអង្គការវិជ្ជាជីវៈ
* សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា ដោយមិនតម្រូវឲ្យសហជីពចម្លងរបាយការណ៍សកម្មភាពនិងហិរញ្ញវត្ថុជនក្រសួងទទួលបន្ទុកវិស័យការងារ ប៉ុន្តែមានកាតព្វកិច្ចធ្វើសវនកម្មរបាយការណ៍ទាំងនេះ ក្នុងករណីមានការស្នើសុំពីសមាជិកមួយចំនួន ឬម្ចាស់ជំនួយណាមួយ ដូចមានកំណត់ក្នុងមាត្រា១៧(ថ្មី) និងមាត្រា ២៧(ថ្មី) និងកែសម្រួលនីតិវិធីនិងមូលហេតុក្នុងការរំលាយអង្គការវិជា្ជជីវៈ ដោយបញ្ជក់លក្ខខណ្ឌថាសហជីពមួយត្រូវបានរលាយដោយស្វ័យប្រវត្តិ ក្នុងករណីដែលសហគ្រាស ឬករណីដែលសហគ្រាស ឬគ្រឹះសា្ថនត្រូវបានបិទលែងដំណើរការងារជាស្ថាពរ និងបានទូទាត់ជាស្ថាពរនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត៤ ដូចកំណត់ក្នុងមាត្រា២៨(ថ្មី) និងលុបចោលចំណុច “គ. អ្នកដឹកនាំគ្រប់គ្រងនិងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវបានរកឃើញថាមានកំហុសធ្ងន់ក្នុងការប្រព្រឹត្តលើ្មសក្នុងនាមសហជីពឬសមាគមនិយោជក” ដូចមានចែងក្នុងមាត្រា២៩(ថ្មី)
* សម្រួលលក្ខខណ្ឌក្នុងការស្មើសុំទទួលស្គាល់ភាពជាតំណាងបំផុត ដោយជំនួសការផ្តល់ “បណ្ណសម្ចាល់សមាជិកត្រឹមត្រូវ” ដោយការផ្តល់ត្រឹមតែ “បញ្ជីសមាជិកដែលបានកាត់ប្រាក់ភាគទាន” ដូចមានកំណត់ក្នុងមាត្រា៥៤(ថ្មី) និងមាត្រា៥៥(ថ្មី) និង
* លើកកម្ពស់សិទ្ធិនិងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឲ្យកាន់តែច្បាស់លាស់ដោយបន្ថែម ចំណុច «ឈ. ការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម» ដូចក្នុងមាត្រា៥៩(ថ្មី)៕