(កំពង់ចាម)៖ ក្រោយពីការចាប់ខ្លួន និងឃុំដាក់ពន្ធនាគារកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានបញ្ចេញព័ត៌មានបំផ្លើសការពិត និងបង្ហោះចែកចាយព្រោងព្រាត លើបណ្ដាញសង្គម Facebook ថា លោក ហម វុទ្ធី អតីតអនុប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយ អតីតគណបក្សសង្គ្រោះជាតិបានស្លាប់ ដោយការវាយធ្វើបាបរបស់មន្រ្តីនគរបាល។
ក្រោយមានព័ត៌មានចែកចាយ តាមបណ្ដាញសង្គម Facebook ដែលធ្វើឲ្យមានការភ័ន្ដច្រឡំយ៉ាងដូច្នេះ អាជ្ញាធរ និងមន្ដ្រីសមត្ថកិច្ច បានជួបផ្ទាល់ជាមួយលោក ហម វុទ្ធី នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ និងថតជាវិដេអូដើម្បីឲ្យលោកបញ្ជាក់ការពិត ហើយច្រានចោលចំពោះព័ត៌មានបំភ្លើសមួយនេះ។
លោក ហម វុទ្ធី បានអះអាងថា រហូតមកដល់ថ្ងៃនេះ លោកស្ថិតនៅក្នុងពន្ធនាគារ ដោយមានសុខភាពរឹងមាំ ហើយក៏គ្មានការវាយដំធ្វើបាប ពីសំណាក់អាជ្ញាធរ មន្ដ្រីសមត្ថកិច្ច ឬមន្ដ្រីអនុរក្សពន្ធនាគារនោះឡើយ។
ក្រៅពីការសារភាពពីការចាប់ខ្លួនរបស់សមត្ថកិច្ច ពាក់ព័ន្ធការរួមគំនិតក្បត់ជាតិ អតីតមន្ដ្រីជាន់ខ្ពស់រូបនេះ ក៏បានប្រកាសច្រានចោល និងអំពាវនាវកុំឲ្យមានការយល់ប្រឡំ និងចែកចាយព័ត៌មានខុសពីការពិតដែលថា លោកទទួលមរណភាពនោះ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការបំភ្លើសព័ត៌មាននេះគឺមានចេតនាញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋបង្កចលាចល ដើម្បីបង្កអសន្តិសុខដល់សង្គម ដែលទង្វើទាំងនេះនឹងត្រូវមានទោសតាមផ្លូវច្បាប់។ ដូច្នេះដើម្បីគេចផុតពីសំណាញ់ច្បាប់ ប្រជាពលរដ្ឋគួរគេចចេញពីការបំភ្លើសព័ត៌មានបំពុលសង្គមបែបនេះជាបន្ទាន់ ព្រោះការធ្វើបែបនេះមិនអាចគេចផុតពីការតាមដានរបស់សមត្ថកិច្ចនោះឡើយ។
សូមបញ្ជាក់ថា អតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ឈ្មោះ ហម វុទ្ធី ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយក៏ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុគ្គល ហម វុទ្ធី ហៅ វណ្ណ ឬ ផាន់ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ
ទីកន្លែងកំណើតនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រែកកំបាស់ ខេត្តតាកែវ និងអាសយដ្ឋានបច្ចុប្បន្ននៅ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនជាប់សង្ស័យរូបនេះ ដោយបានប្រព្រឹត្តិបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕