(ភ្នំពេញ)៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ ក៏បានឲ្យដឹងផងដែរថា កាលដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ គឺដោយសារមានការទទួលគាំទ្រពីសហគមន៍អន្ដរជាតិ។
ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី អតីតប្រធានាធិបតីមកពីប្រទេសប្រមាណ៥០ នឹងចូលរួមព្រឹត្តិការអន្តរជាតិនេះ។ ក្រៅពីនោះក៏មានក្រុមមន្ត្រីអ្នកមុខអ្នកការ សិល្បករ ក្រុមយុវជន និងវិស័យឯកជន មកពីប្រទេសចំនួន១៥០ ក៏នឹងចូលរួមកិច្ចប្រជុំកំពូលនេះដែរ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨កន្លងទៅ ត្រូវបានប្រារព្ធធ្វើនៅប្រទេសនេប៉ាល់ ក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។ កិច្ចប្រជុំនោះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល សមាជិកសភា មេដឹកនាំសាសនា ធុរជន អ្នកដឹកនាំសង្គមស៊ីវិល និងគណៈប្រតិភូជាង ១,៥០០នាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំនោះ និងបានឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ គឺដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយ ក្នុងគ្រាសំខាន់៕
កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ឆ្នាំ២០១៨