(មណ្ឌលគិរី)៖ រូបសំណាកសត្វដំរី កសាងឡើងដោយប្រើប្រាស់រណារយន្ត ដែលជាវត្ថុតាងប្រមូលបាន ពីបទល្មើសធនធាន ធម្មជាតិ បានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅក្នុងពេលឆាប់ៗខាងមុខនេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩នេះ ដោយបានឲ្យដឹងថា រូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្ត មានទំហំដូចខាងក្រោម៖ ទី១៖កម្ពស់២,៨០ម៉ែត្រ (គិតពីបាតជើង ដល់ចុងប្រមោយខាងលើ), ទី២៖បណ្ដោយប្រវែង ៣,១០ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទី៣៖ទទឹងចន្លោះពី ០,៩០ម៉ែត្រ ទៅ១ម៉ែត្រ (គិតពីទំហំតួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាង រណារយន្តសរុប៣០០គ្រឿង ក្នុងនោះមានម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូ ប្រព្រឹត្តបទល្មើស។

លោកបានថ្លែងថា រូបសំណាកសត្វដំរីសាងសង់ឡើង នៅក្នុងគោលបំណង បង្ហាញដល់សាធារណជនឲ្យបានឃើញពីវត្ថុតាងរណារយន្ត ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និងប្រមូលយកមករក្សាទុកនៅតាមបណ្ដាស្នាក់ការ ដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

ជាងនេះទៅទៀត ក៏ចង់បង្ហាញប្រាប់ថា រណារយន្ត គឺជាមធ្យោបាយប្រព្រឹត្តបទល្មើស កាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការប្រើប្រាស់រណារយន្ត ដែលនាំឲ្យមានការបំផ្លិញបំផ្លាញ ធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក១ក្បាល ដែលធ្វើពីវត្ថុតាងរណារយន្ត និងចង់ពញ្ញាក់ស្មារតី របស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការពារ និងអភិរក្សហ្វូងសត្វដំរីរស់ ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ នៅក្នុងខេត្តមណ្ឌលគិរី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំដំឡើងរូបចម្លាក់សត្វដំរី ធ្វើពីវត្ថុតាងរណារយន្តនេះឡើង ជាមួយជាងនៅក្នុងខេត្តមណ្ឌលគិរីដោយប្រើ រយៈពេលចំនួន៧ខែ និងដោយមានការចូលរួមគាំទ្រ ថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងសកម្មភាព នៃការរៀបចំ និងដំឡើងរូបចម្លាក់សត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមួយនេះ។

លោកបញ្ជាក់ថា ពីសវតា នៃការសាងសង់រូបសំណាកសត្វដំរីនេះ ដោយសារតែខេត្តមណ្ឌលគិរី មានការជាប់ទាក់ទងនឹងរឿងរ៉ាវសត្វដំរី ក្នុងនោះ រួមមានព្រឹត្តិការណ៍កើតឡើង នៅអំឡុងឆ្នាំ២០០៧ ត្រង់ចំណុចត្រពាំងឈូក (បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រដែនជម្រក សត្វព្រៃស្រែពក) កូនដំរីឈ្មោលមួយក្បាល បានដើរជាន់អន្ទាក់ព្រានព្រៃ ដាច់ជើងម្ខាង ហើយត្រូវបានក្រុមអភិរក្សព្រៃឈើ និងសត្វព្រៃប្រទះឃើញ ហើយដឹកយកទៅសង្គ្រោះនៅឧទ្យានសួនសត្វភ្នំ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅគ្រានោះ «ឈូក» បានរួចផុតពីសេចក្តីស្លាប់។

បច្ចុប្បន្នសត្វដំរីឈ្មោះ ឈូកនេះបានប្រើប្រាស់ជើងសិប្បនិមិត្ត ហើយអាចដើរបាននិងមានសុខភាពល្អ ដូចសត្វដំរីដទៃដែរ។ រូបសំណាក សត្វដំរី«ឈូក» នេះក៏ធ្លាប់ត្រូវបានកសាងឡើងធ្វើអន្ទាក់ ដែលបានប្រមូលពីព្រៃមកដែរ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ហ្វូងសត្វដំរីចំនួន១២ក្បាល បានធ្លាក់រណ្តៅទឹក និងជាប់ភុងក្នុងភក់ បង្កការភ្ញាក់ផ្អើលមួយ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយសហការជាមួយអង្គការ WCS និងប្រជាពលរដ្ឋបាន នាំគ្នាជីកដីធ្វើជាផ្លូវដែលអាចធ្វើឲ្យហ្វូងដំរីទាំងនោះ ឡើងផុតពីភក់ហើយត្រឡប់ចូលទៅក្នុងព្រៃ ដោយសុវត្ថិភាព។ ព្រឹត្តិការណ៍មួយទៀត គឺហ្វូងសត្វដំរីដែលតែងតែឧស្សាហ៍បង្ហាញខ្លួននៅខាងក្រោយអគារ រដ្ឋបាលសាលា ស្រុកកែវសីម៉ា និងការបង្ហាញខ្លួនចូលមកជិតក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ និងស៊ីដំណាំនៅក្នុងស្រុកកែវសីម៉ា ដែលបានបង្កជាទំនាស់រវាងសត្វដំរី និងមនុស្សជាដើម។

តាមការថ្លែងឲ្យដឹងរបស់ លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃ ចំនួនប្រមាណ៥០០ក្បាល ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃទាំង៥ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល មានប្រមាណជាង៣៧៥ក្បាល, នៅតំបន់ជួរភ្នំក្រវ៉ាញ មានដំរីចំនួនប្រមាណជិត២០០ក្បាល និងផ្សេងទៀត បាននិងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនានា របស់ប្រទេសកម្ពុជា។

ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំផ្ទៃដីចំនួន៧,៥លានហិកតា ស្មើប្រមាណ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ដែលកំពុងតែត្រូវបានការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅកម្ពុជា ក៏ដូចជានៅប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់ប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណែកសត្វដំរីស្រុកដែលចិញ្ចឹម ដោយអ្នកស្រុកមានចំនួន ប្រមាណ៧០ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការថយចុះ ដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្តបន្ទាប់។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីការពារ និងអភិរក្សសត្វដំរី ឲ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ អង្គការដៃគូនានារៀបចំផែនការអភិរក្ស និងការពារសត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការអភិរក្សសត្វដំរី ដោយពង្រឹងប្រសិទ្ធភាពការពារ និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាទីជម្រក និងកន្លែងផ្តល់ចំណីដល់សត្វដំរី និងការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងនឹងជនល្មើស ការហាមឃាត់ ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រានព្រៃដាក់នៅក្នុងព្រៃ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដាំដាំនៅតាមចម្ការនានា ក្បែរតំបន់ការ ពារធម្មជាតិកុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែលចូលស៊ីដំណាំរបស់ខ្លួន៕