(កំពត)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តកំពត បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ប៉ែន មុំ ហៅ ស្រីមុំ ភេទស្រី និងគូកនពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះប៉ែន មុំ ហៅ ស្រីមុំ ព្រមទាំងគូកន ដែលបានកៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមក្នុងផែនការផ្តលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី» ដោយអនុវត្តតាមការអំពាវនាវ របស់ឧក្រិដ្ឋជន សម រង្សី។
ឈ្មោះ ប៉ែន មុំ ហៅ ស្រីមុំ ព្រមទាំងគូកន បានកៀរគរបំផុសបំផុលប្រជាពលរដ្ឋ ដោយចេតនាតាមរយៈបណ្តាញសង្គម (Facebook ឈ្មោះ សំបូ មុំ ឬ មុំ សំបូ) ដើម្បីចូលរួមសកម្មភាពផ្តលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ។ នេះបើតាមអ្នកនាំពាក្យដដែល។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
ខាងក្រោមនេះគឺជាសេចក្តីប្រកាសអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត៖