(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពនានាគ្រប់ស្ថាប័ន ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ នៅមុខសាលាខេត្តកំពង់ស្ពឺ ផ្លូវវិមានឯករាជ្យ។

គួររំលឹកថា ព្រះបរមរតនកោដ្ឋបានយាងចូលទីវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា។

សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិ និងការបង្កើត របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០៕