(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើសមាជិកក្រុមឧទ្ទាម ២នាក់ទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ជនត្រូវចោទទាំង ២នាក់នេះរួមមាន៖ ឈ្មោះ សួន ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ភេទប្រុស អាយុ៤៦ឆ្នាំ រួមទាំងគូកនផ្សេងទៀត ដែលតុលាការបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
«ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ ឈ្មោះ សួន ចំរើន, ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ព្រមទាំងគូកន ដែលបានកៀរគរ និងបំផុសឲ្យមហាជនចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងគូកន»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាក់ថា ឈ្មោះ សួន ចំរើន, ឈ្មោះ ផុង សុជាតិ ហៅ ជាតិ ខេមរា ព្រមទាំងគូកន បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមរអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ«រួមគំនិតក្បត់» ដែលអាចមានទោសជាប់ពន្ធនាគារពី០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌលើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕