(ទីក្រុងប្រាក, ឆែក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឆែក ដែលបន្តជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាប្រមាណ ១.៥លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំសម្រាប់គម្រោងអភិវឌ្ឍន៍នានាចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ សម្រាប់រដ្ឋាភិបាលឆែក ដែលបានសម្រេចលុបបំណុលដែលកម្ពុជាជំពាក់នាទសវត្សរ៍ឆ្នាំ៨០ ហើយបង្វែរបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា។
ការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្ត្រីឆែក លោក អានដ្រេ បាប៊ីស (Andrej Babis) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ប្រទេស និងប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយនូវកត្តញូតាធម៌របស់រដ្ឋាភិបាល និងប្រជាជនឆែក កាលពីនៅជាអតីតឆេកូស្លូវ៉ាគី ដែលបានជួយដល់ប្រទេស និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកយ៉ាប់យ៉ឺនបំផុតក្រោយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៩។
ក្នុងសន្និសីទនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការបន្តរក្សាបាននូវទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា និងឆែក។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរីករាយផងដែរ ចំពោះរដ្ឋាភិបាលឆែក ដែលបានជ្រើសយកកម្ពុជាជាប្រទេសអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មិនភ្លេចផងដែរ ជាមួយការអរគុណរដ្ឋាភិបាលឆែក ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាតាំងពីឆ្នាំ១៩៨១មក។ មកដល់ឆ្នាំ២០១៩នេះ មាននិស្សិតកម្ពុជាសរុប ៣៦២នាក់ បានទទួលការអប់រំនៅឆែក ហើយមាននិស្សិតខ្លះកំពុងបំពេញការងារនៅតាមក្រសួង និងស្ថាប័នរដ្ឋ។
សូមបញ្ជាក់ថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។ លុះដល់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស។
សម្តេចតេជោធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសឆែកតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ដំណើរទស្សនកិច្ចនៅប្រទេសឆែកនាពេលនេះ គឺជាដំណើរទស្សនកិច្ចលើកទី៤ហើយសម្រាប់សម្តេចតេជោ ហ៊ុន សែន។
ការផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោនៅថ្ងៃនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតពីសំណាក់នាយករដ្ឋមន្ត្រីឆែក លោក អានដ្រេ បាប៊ីស។ នៅក្នុងសន្និសីទរួមគ្នាក្រោយជំនួបសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានបំពេញទស្សនកិច្ចជាថ្មីនៅទីក្រុងប្រាក ទឹកដីដ៏ស្រស់បំព្រង។
ក្នុងសន្និសីទរួមគ្នាទាំងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឆែក បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការរក្សាបាននូវទំនាក់ទំនងដ៏ប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសន្យាធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕