(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃខួប៧ឆ្នាំ នៃការយាងសោយទីវង្គតព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌។
ក្រៅពីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាព ជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រទេសជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃគម្រប់ខួប ៧ឆ្នាំគត់ដែល សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានយាងសោយទីវង្គត»។
ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំ ចំពោព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ទូលព្រះបង្គំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាចំពោះជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូល។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌»។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕