(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ គម្រប់៧ឆ្នាំហើយ ដែលព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយព្រះទិវង្គត។ ថ្ងៃនេះកាលពី៧ឆ្នាំមុន គឺជាពេលវេលាដ៏សោកសៅជាទីបំផុតសម្រាប់ប្រជារាស្ត្រខ្មែរ ព្រោះជាការបាត់បង់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរជាទីគោរពស្រឡាញ់។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ដែលបានអញ្ជើញទៅយាងដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលនោះ បានសច្ចានៅចំពោះព្រះភក្ត្រ ព្រះបរមសពថា នឹងស្មោះស្ម័គ្រចំពោះព្រះរាជបល័ង្ក ការពារព្រះរាជបល័ង្ក ការពារព្រះមហាក្សត្រ និងការពារសម្តេចម៉ែផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសច្ចាយ៉ាងដូច្នេះ «អំណេះទៅទួលបង្គំនឹងការពារព្រះរាជបល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ សូមព្រះអង្គកុំព្រួយព្រះហឫទ័យ។ ទទួលបង្គំសច្ចាចំពោះព្រះភក្ត្រ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព ទួលបង្គំនឹងការពារ។ សូមព្រះអង្គទទួលយកការប្រោសប្រទាន សម្រាប់ពរជ័យចំពោះព្រះរាជបុត្រ ព្រះរាជវង្សានុវង្ស ជាពិសេសសម្តេចម៉ែ និងប្រជារាស្ត្រខ្មែរ»។
សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។
ក្រោយការយាងចូលទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ, រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កា ថ្វាយគោរពសក្ការៈ ចំពោះព្រះបរមរូប៕