(ហុងគ្រី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៩ចំណុចដល់កិច្ចប្រជុំកំពូលស្ដីពីទឹក នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីដោះស្រាយបញ្ហាទឹក ទៅថ្ងៃខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងតំបន់អាស៊ាន ស្របពេលដែលសេដ្ឋកិច្ចមានកំណើន និងការវិវត្តប្រែប្រួលឆាប់រហ័ស ពិសេសការរីកលូតលាស់ឥតឈប់ឈរ នៃឧស្សាហូបនីយកម្ម, កំណើនប្រជាជនចំណាកស្រុកមករស់នៅទីក្រុង និងនគរូបនីយកម្មទីក្រុង សម្ពាធតម្រូវការទឹកប្រើប្រាស់ទាំងសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់បម្រើដល់សកម្មភាពឧស្សាហកម្មផ្សេងៗ បានក្លាយជាបញ្ហាសាធារណៈធំមួយ ដែលទាមទារនូវការដោះស្រាយរួមគ្នាក្នុងកម្រិតតំបន់ ព្រោះទឹកជាបញ្ហាគ្មានព្រំដែននោះទេ ដែលប្រទេសនីមួយៗ ត្រូវចូលរួមដោយគ្មានលក្ខខណ្ឌ ប្រកបដោយឆន្ទៈខ្ពស់។

សម្តេចបានបន្តថា បន្ថែមលើនេះ បញ្ហាសន្តិសុខទឹកបាន និងកំពុងបង្កការគម្រាមកំហែង ដោយសារកង្វះយន្តការគោលនយោបាយ ក្នុងការគ្រប់គ្រងធនធានទឹក និងសំណល់រឹង ក៏ដូចជា សំណល់គីមីបញ្ចេញពីរោងចក្រឧស្សាហកម្ម។ ការយល់ដឹងមានកម្រិតរបស់ប្រជាជន បានធ្វើឱ្យមានការបំពុលដល់ប្រភពទឹក រួមមានទន្លេ, បឹងបួរ, ស្ទឹង និងទឹកក្រោមដី។ គួបផ្សំនឹងបច្ច័យកាន់តែអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ, ការគ្រប់គ្រង ធនធានទឹក និងការវិនិយោគសាធារណៈ មិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក មិនត្រឹមបង្កឱ្យមានការខាតបង់ធនធានទឹកធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតំបន់ខ្លះ ប្រែជាខ្វះខាតទឹកប្រើប្រាស់ និងតំបន់ខ្លះទៀត ប្រឈមនឹងគ្រោះរាំងស្ងួតទៀតផង។

សម្តេចបានគូសបញ្ជាក់ថា ក្នុងបរិការណ៍ខាងលើ, គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងអង្គការជាតិ តំបន់ និងអន្តរជាតិ បានខិតខំព្យាយាមធ្វើការរួមគ្នា ដើម្បីធានានិរន្តរភាពនៃទឹក និង បរិស្ថាន, គាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសនីមួយៗ។

សម្តេចបានផ្តល់អនុសាសន៍ថា៖ ជារួម, សម្រាប់ទិសដៅខាងមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ក៏ដូចជាហានិភ័យពាក់ព័ន្ធផ្សេងទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ជាពិសេស ក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ធនធានទឹកប្រកបដោយភាពឆ្លាតវៃ សម្រាប់យើងទាំងអស់គ្នា ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយៗ និងដោយគ្មានជម្លោះរវាងប្រទេស និងប្រទេស ជាយថាហេតុ, ខ្ញុំសូមអនុញ្ញាតគូសរំលេចនូវអាទិភាពមួយចំនួន ពាក់ព័ន្ធអភិក្រមនៃការគ្រប់គ្រង, អភិបាលកិច្ច និងការធ្វើហិរញ្ញប្បទាន ដូចតទៅ៖

ទី១៖ បន្តផ្តួចផ្តើមបង្កើតនិម្មាបនកម្មនយោបាយសកលលោកថ្មីមួយ សម្រាប់គ្រប់គ្រងធនធានទឹក ដើម្បី កៀរគរការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់, បញ្ចុះស្មារតី សន្សំសំចៃទឹក ក៏ដូចជា ចៀសវាងសកម្មភាពបំពុលប្រភពទឹក និងកសាងអភិបាលកិច្ចស្ថាប័ន និងគោលនយោបាយទឹកមួយ ដែលរឹងមាំ, ស្រុះស្រួលគ្នា និង មានតម្លាភាព។

ទី២៖ ពង្រឹងកិច្ចសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងគណនេយ្យភាពស្តីពីទឹក ក្រោមក្របខណ្ឌសកលលោក ពោលគឺអង្គការសហប្រជាជាតិ ដែលជាអ្នកត្រួសត្រាយផ្លូវដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាសកល និងក្នុងការអនុវត្តរបៀបវារៈសកល ឆ្នាំ២០៣០ ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស។

ទី៣៖ ពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយស្តីពីទឹក ថាមពល ការប្រែប្រួលអាកាសធាត សៀង សុខភាព និងការអភិរក្សជីវចម្រុះ សំដៅលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចសម្រាប់ធនធានទឹក និងការគ្រប់គ្រងធនធានទឹករួមគ្នា តាមរយៈកិច្ចសម្របសម្រួលអន្តរវិស័យរវាងក្រសួង និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកប្រើប្រាស់ទឹកផងដែរ។

ទី៤៖ បង្កើនការប្តេជ្ញាចិត្តក្នុងកម្រិតថ្នាក់ជាតិ ដើម្បីលុបបំបាត់ទីបំពុលប្រភពទឹក ដោយបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់, សមត្ថភាពស្តុកទុកទឹកដែលត្រូវបានបំពុល និងពង្រឹងយន្តការទប់ស្កាត់ប្រភពនៃការបំពុលទឹកគ្រប់ទម្រង់ ។

ទី៥៖ បង្កើតភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបាយពាក់ព័ន្ធនឹងទីក តាមរយៈការពង្រឹងការរៀបចំយន្តការស្ថាប័ន, ការរឹតបន្ដឹងក្របខណួតតិយុត្តិ និងច្បាប់។

ទី៦៖ លើកទឹកចិត្តដល់ការបង្កើតវិធីសាស្ត្រថ្មី ដោយមានការវាយតម្លៃពីការបែងចែកផលប្រយោជន៍ពីទឹក និងការទទួលខុសត្រូវលើការថែទាំប្រភពទឹក ក៏ដូចជា ការរៀបចំផែនការ និងប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកឆ្លងដែន សំដៅទប់ស្កាត់ជម្លោះជាយថាហេតុ និង ធានានិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹករមគ្នា ។

ទី៧៖ បង្កើនការវិនិយោគសាធារណៈ សម្រាប់ការគ្រប់គ្រងទឹក និងការប្រើប្រាស់ទឹកស្អាត និងអនាម័យ ឱ្យស្របទៅនឹងទិសដៅដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៨៖ ចូលរួមរៀបចំបរិស្ថានគាំទ្រដល់គម្រូធុរកិច្ចបង្កើតថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់ចីរភាពហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាទឹកស្អាត ដោយធានានូវការទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យ ជាមួយស្តង់ដារអនាម័យខ្ពស់ ស្របគ្នានឹងការការពារ ព្រមទាំងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ផ្នែកលើទឹក និង ដី មានចីរភាព។

ទី៩៖ ពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យចំណុចដៅពាក់ព័ន្ធនឹងទឹក នៅក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់ការប្រមូលទិន្នន័យ និងវិភាគពាក់ព័ន្ធនឹងទឹក នៅគ្រប់កម្រិត ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែក នយោបាយ និងហិរញ្ញវត្ថុ៕