(កណ្ដាល)៖ អតីតបេក្ខជនបម្រុងសមាជិកក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ឈ្មោះ ទីន ណាខន ដែលបានទៅទទួលផែនការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ពីឧក្រិដ្ឋជន សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី បានសម្រេចចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ច ក្រោយដឹងថា នោះជាទង្វើក្បត់ជាតិ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ទីន ណាខន បានយល់ច្បាស់ថា ផែនការដែលទណ្ឌិត សម រង្ស៉ី កំពុងរៀបចំនៅក្រៅប្រទេស ដើម្បីឲ្យអ្នកគាំទ្រអនុវត្តនោះ គឺជារឿងមួយដែលមិនត្រឹមត្រូវ ប៉ះពាល់សន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា និងធ្វើឲ្យមានបញ្ហាច្របូកច្របល់ក្នុងប្រទេសជាដើម។
លោក ទីន ណាខន ដែលធ្លាប់ដើរតាមអ្វីដែលលោក សម រង្ស៉ី គូសវាសនោះ បានប្រកាសថា លោកនឹងមិនដើរតាមគំនិតរបស់បុគ្គលក្បត់ជាតិ សម រង្ស៉ី ទៀតឡើយ និងអំពាវនាវដល់យុវជន ដទៃទៀត ដែលកំពុងតែចូលរួម ឬប្រុងនឹងចូលរួមជាមួយសកម្មភាពរបស់លោក សម រង្ស៉ី សូមកុំបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើគិតថា ខ្លួនធ្លាប់ចូលរួមសកម្មភាពបែបនេះពីមុនមក ត្រូវទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីជៀសវាងនូវការទទួលទោសទណ្ឌ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនអតីតថ្នាក់ដឹកនាំតាមមូលដ្ឋាន របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៤នាក់ហើយ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារផងដែរ។ បុគ្គលខ្លះ បានទៅចូលរួមទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជន សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
មន្ដ្រីនគរបាលជាន់ខ្ពស់ បានប្រាប់ថា ជនទាំង៤នាក់នេះរួមមាន៖
*ទី១៖ ឈ្មោះ ឈុន ថៃ តួនាទីអតីតជំទប់ទី១ ឃុំព្រែកថ្មី ស្រុកកោះធំ
*ទី២៖ ឈ្មោះ លី ម៉េងឃៀង អតីតសមាជិកប្រតិបត្តិស្រុកស្អាង
*ទី៣៖ ឈ្មោះ លី លីន អតីតមេឃុំសំរោងធំ ស្រុកកៀនស្វាយ
*ទី៤៖ ឈ្មោះ ផុន សុភា អតីតមេឃុំឈើខ្មៅ ស្រុកកោះធំ។
សម្រាប់បុគ្គលខ្លះ ត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុ «រួមគំនិតក្បត់» ដែលពួកគេបានទៅជួបទណ្ឌិត សម រង្សី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់វិញរបស់ទណ្ឌិត សម រង្ស៉ី » នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕