(បាត់ដំបង)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង របស់អតីតគណបក្សសង្គ្រោះជាតិ លោក សៀវ សុខ អាយុ៥៧ឆ្នាំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ច និងប្រកាសឈប់ដើរតាមទណ្ឌិត សម រង្ស៉ី ដែលកំពុងសម្លាប់ជាតិខ្លួនឯង និងប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់។

លោក សៀវ សុខ បានបញ្ជាក់ទៀតថា នៅពេលនេះលោកយល់ច្បាស់នូវអ្វីដែលជានយោបាយបោកប្រាសរបស់ឧក្រិដ្ឋជន សម រង្ស៉ី ទើបលោកសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។ លោកអះអាងទៀតថា ការសម្រេចចិត្តរបស់លោកនៅថ្ងៃនេះ គ្មានអ្នកណាបង្ខិតបង្ខំ ឬអូសទាញដោយ ពោលកើតចេញពីការស្ម័គ្រចិត្តសុទ្ធសាធ។

អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំមកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះខ្ញុំឃើញ សម រង្ស៉ី កំពុងធ្វើនយោបាយខុសផ្លូវ និង សម រង្ស៉ី កំពុងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ហើយមើលងាយព្រះមហាក្សត្រ។ សម រង្ស៉ី កំពុងដើរបោកប្រាសប្រជាពលរដ្ឋ។ ខ្ញុំមកនេះគ្មានអ្នកណាបង្ខិតបង្ខំខ្ញុំ ហើយក៏គ្មានបងប្អូនណាអូសទាញខ្ញុំដែរ ព្រោះខ្ញុំឃើញទង្វើ សម រង្ស៉ី កំពុងតែចង់ផ្ដួលរំលំ និងចង់សម្លាប់ជាតិខ្លួនឯង»

គួរជម្រាបថា មួយរយៈក្រោយនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនអ្នកពាក់ព័ន្ធការធ្វើរដ្ឋប្រហារ និងអ្នកទៅទទួលផែនការពីទណ្ឌិត សម រង្ស៉ី ជាបន្ដបន្ទាប់។ ប៉ុន្ដែក៏មានសកម្មជនមួយ នៅពេលដឹងខ្លួនខុសក៏បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ចជាបន្ដបន្ទាប់ដូចគ្នាផងដែរ ហើយក៏បានប្រកាសថា ពួកគេនឹងបន្ដសកម្មភាពនេះទៀតឡើយ៕