(ភ្នំពេញ)៖ វាមិនមែនជារឿងចៃដន្យ តែវាជាកម្មពៀរច្រើនជាងដែល លោក សម រង្ស៉ី បំផុសគំនិតឆ្កួតលីលា ដោយមិនបានគិតមុខគិតក្រោយធ្លោយបង្កើតយុទ្ធនាការម្រាមដៃ៩ ពីព្រោះបើតាមជំនឿនៅក្នុងសង្គមខ្មែរ ក៏ដូចជាក្នុងសង្គមអាស៊ីទាំងមូល ម្រាមដៃ៩ ជាសញ្ញាសម្គាល់នៃម្រាមដៃខ្មោច។
អ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តខ្មែរ ភាពយន្តចិន ក៏ដូចជាភាពយន្តថៃដែលនិយាយពីខ្មោច ប្រាកដជាធ្លាប់បានដឹងហើយថា នៅពេលជួបខ្មោចលង ឬជួបមនុស្សដែលគេច្រឡំថាជាខ្មោច គេតែងឲ្យរាប់ម្រាមដៃ។ ប្រសិនបើរាប់ម្រាមដៃគ្រប់១០ គេចាត់ទុកថាជាមនុស្ស ប៉ុន្តែបើរាប់ឃើញម្រាមតែ ៩ គេចាត់ទុកជាខ្មោច!
ខ្មោចគឺជាសភាវៈ ដែលមនុស្សលោកខ្លាច និងមិនចង់ជួប ហើយជាប្រផ្នូលយ៉ាងអាក្រក់ បំផុតដែលគេតែងចៀសឲ្យឆ្ងាយ។
ប៉ុន្តែ លោក សម រង្ស៉ី និងគូកន បែរជាបង្កើតយុទ្ធនាការម្រាមដៃ៩ ដែលជាម្រាមខ្មោចទៅវិញ។
បើនិយាយតាមជំនឿ យុទ្ធនាការម្រាមដៃ៩ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី ពិតជា
ប្រផ្នូលអាក្រក់បំផុតសម្រាប់អ្នកចូលរួមយុទ្ធនាការនេះ។ ហេតុអ្វី?
ទី១៖ យុទ្ធនាការម្រាមដៃ ៩ បង្ហាញថា នេះជាទីបញ្ចប់នៃជីវិត នយោបាយរបស់លោក សម រង្ស៉ី ពោលគឺអាជីពនយោបាយរបស់លោក សម រង្ស៉ី បានចាកចេញពីភាពជាមនុស្សដែលមានម្រាម ១០ ទៅជាភាពជាខ្មោចដែលមានម្រាម ៩ ចាប់ពីពេលផ្តើមយុទ្ធនាការនេះតទៅហើយ។ នៅលើទិដ្ឋភាពជាក់ស្តែង ក៏បានបង្ហាញយ៉ាងច្បាស់ថា ចាប់ពីពេលដែលលោក សម រង្ស៉ី ចាប់យកផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់មក ខ្ញុំកត់សម្គាល់ឃើញជីវិតនយោបាយរបស់លោក សម រង្ស៉ី កំពុងចុះដុនដាបជាបន្តបន្ទាប់ ពោលគឺបាត់បង់ការគាំទ្រទាំងក្នុង និងក្រៅប្រទេស។
និយាយជារួម ជីវិតនយោបាយរបស់ លោក សម រង្ស៉ី ពេលនេះប្រៀបបាននឹងចង្កៀងដែលជិតអស់ប្រេង ឬមនុស្សដែលអស់ហុងស៊ុយ ជិតដល់ថ្ងៃអន្សារ ហើយ។
ទី២៖ យុទ្ធនាការម្រាម ៩ ឬម្រាមខ្មោចនេះទៀតសោត ក៏បាននិងកំពុងនាំសកម្មជន និងអ្នកគាំទ្រឲ្យផ្លាស់ធាតុពីមនុស្សទៅជាខ្មោចផងដែរ។ ជាក់ស្តែង អ្នកចូលរួមយុទ្ធនាការម្រាមខ្មោចជាច្រើន បាននិងកំពុងជួបគ្រោះអាក្រក់ដោយពួកគេត្រូវមកទទួលកម្មពៀរជំនួសលោក សម រង្ស៉ី។ អ្នកខ្លះដែលជាមេខ្លោងត្រូវបានអាជ្ញាធរចាប់ខ្លួនយកទៅផ្តន្ទាទោស អ្នកខ្លះក៏រត់ចោលស្រុក ចោលផ្ទះសម្បែង ចោលប្រពន្ធកូន ដោយសារបណ្តោយខ្លួនឲ្យព្រលឹងខ្មោចចូលសណ្ឋិតតាមរយៈការលើកសញ្ញាម្រាម ៩ ដែលជាម្រាមខ្មោច។ នេះបើតាមខ្ញុំសង្កេត អាជ្ញាធរចាប់ខ្លួនតែមេបណ្តាញធំៗតែប៉ុណ្ណោះដោយមិនប៉ះពាល់ដល់អ្នកគាំទ្រតូចតាចផងទេ។ ប៉ុន្តែ ទោះជាអាជ្ញាធរ មិនចាត់វិធានការក៏ដោយ ក៏ព្រលឹងខ្មោចច្បាស់ជាតាមសណ្ឋិតអ្នកលើកម្រាម៩ ជាមិនខានពីព្រោះតាមអបិយជំនឿ ការលើកម្រាម ៩ ជាសញ្ញាអនុញ្ញាតឲ្យខ្មោច អសុកាយ ចូលមកកៀកនិងយកធ្វើជាគ្នាបាន។ ហេតុដូច្នេះ ពួកគេគង់តែទទួលគ្រោះធំណាមួយជាមិនខាន។
ជាធម្មតា កុំថាឡើយដល់ទៅលើកដៃម្រាម ៩ ជាសញ្ញា សូម្បីតែយល់សប្តិឃើញថា ខ្លួនមានម្រាម៩ ក៏គេត្រូវទៅវត្តដើម្បីស្រោចទឹករំដោះគ្រោះដែរ។ ប៉ុន្តែ អភ័ព្វអ្វីតែលោក សម រង្ស៉ី និងគូកន បែរជាមោហ៍បាំង ជញ្ជាំងបិទ នាំសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ឲ្យធ្វើយុទ្ធនាការម្រាមខ្មោចដែលនាំចង្រៃ អពមង្គលដល់ខ្លួនទៅវិញ។
ដូច្នេះ សកម្មភាពដឹកនាំដោយ លោក សម រង្ស៉ី គឺជាសកម្មភាពដែលកំពុងដើរលើផ្លូវគ្រោះថ្នាក់ ទាំងផ្លូវលោក និងផ្លូវធម៌ ពោលគឺជាអំពើខុសច្បាប់ ខុសពីធម៌និងដំបូន្មានរបស់ព្រះពុទ្ធ តែបែរជាត្រូវនឹងផ្លូវងងឹតទៅវិញ ពោលគឺយុទ្ធនាការនេះកំពុងបើកផ្លូវឲ្យខ្មោចបិសាចនាំក្រុមនេះទាំងមូលទៅរកគ្រោះថ្នាក់។ ទោះបីអ្នកខ្លះនិយាយថាមិនជឿ ប៉ុន្តែក្នុងសង្គមខ្មែរនិយាយដោយឡែក និងសង្គមអាស៊ីទាំងមូលនិយាយជារួម គ្មានគ្រួសារណាមួយដែលមើលរំលងជំនឿនេះបានឡើយ។ គ្មានអ្នកណាហ៊ានទិញឡើយប្រសិនបើគេល្បីថាផ្ទះនោះមានខ្មោចនៅ។ ក៏គ្មានអ្នកណានៅស្ងៀមដែរប្រសិនបើអ្នកជិតខាងនិយាយថា ផ្ទះដែលយើងកំពុងរស់នៅមានខ្មោច ឬអភូតហេតុចម្លែកកើតឡើង សូម្បីតែក្នុងយល់សប្តិ។
យ៉ាងហោចណាស់ គេត្រូវប្រញាប់និមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះដែរ។ ចុះអ្នកដើរតាមលោក សម រង្ស៉ី ដែលយកម្រាមដៃខ្មោចធ្វើជាសញ្ញា តើសុខចិត្តនៅបន្តចូលរួមយុទ្ធនាការម្រាមខ្មោចទៀតឬយ៉ាងណា? គ្រោះអាសន្នបានបង្ហាញនឹងភ្នែកស្រាប់ហើយ ! ដូច្នេះ កម្មអ្នកណា អ្នកនោះត្រូវទទួល ប៉ុន្តែ អ្វីដែលគួរឲ្យសង្វេគបំផុតគឺមានអ្នកទទួលកម្មជំនួសលោក សម រង្ស៉ី។
សរុបមកវិញ តាមជំនឿ យុទ្ធនាការសញ្ញាម្រាមដៃខ្មោចដែលលោក សម រង្ស៉ី បានបង្កើតឡើងគឺជាសញ្ញាប្រាប់ថា ជីវិតនយោបាយរបស់លោក សម រង្ស៉ី ត្រូវដល់ទីបញ្ចប់ហើយ។
អ្នកនៅក្បែរនិងលង់ជឿ លោក សម រង្ស៉ី ក៏ត្រូវចប់ដូចគ្នាដែរ គឺចប់ត្រឹមថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ព្រោះបើមកក៏ចប់ មិនមកក៏ចប់ដោយហេតុថានេះជាជោគជាតារាសីដែលបានកំណត់៕
ដោយ៖ លោកគ្រូភ្លុក
ខេត្តសៀមរាប