(ស៊ែប៊ី)៖ អំឡុងពេលនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច (Vladimir Marinkovic) អនុប្រធានសភានៃសាធារណរដ្ឋស៊ែប៊ី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានផ្ញើបណ្តាំសាកសួរសុខទុក្ខជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមវេទិកាពហុភាគី (IPU) លើកទី ១៤១ ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការផ្តល់តម្លៃ និងគោរពគោលការណ៍និងច្បាប់អន្តរជាតិ។
ក្នុងជំនួបនេះ លោក វ្ល៉ាឌីមៀ ម៉ារីនកូវិច បានមានប្រសាសន៍ថា តាងនាមឱ្យសភានៃសាធារណស៊ែប៊ី លោក ពិតជាមានកិត្តិយស ដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាកម្ពុជា។ លោក បានលើកជាយោបល់ស្នើសុំឱ្យមានការបង្កើនការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសស៊ែប៊ី-កម្ពុជា លើគ្រប់វិស័យ រួមមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត រដ្ឋាភិបាល និងសភា។ លោកបានបន្ថែមថា រយៈពេល ៧ ខែដំបូង ក្នុងឆ្នាំ ២០១៨ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មដែលទំនិញកម្ពុជាបាននាំចូលមកស៊ែប៊ី មានតម្លែគិតជាទឹកប្រាក់ប្រមាណ ៨.៣ លានអ៊ឺរ៉ូ ក៏ប៉ុន្តែស៊ែប៊ីនៅមិនទាន់នាំចេញអ្វីទៅកម្ពុជាឡើយ។ ចំណែកឯវិស័យទេសចរណ៍ លោកសង្កេតឃើញថា កម្ពុជាជាប្រទេសពោរពេញទៅដោយសម្បត្តិវប្បធម៌ ជំនឿ និងសាសនា ហើយស្របពេលដែលប្រជាជនស៊ែប៊ីមានកំណើនអ្នកធ្វើទេសចរណ៍ ដូច្នេះ លោក យល់ថានេះជាការដែលល្អដែលប្រជាជនស៊ែប៊ីអាចនឹងទៅធ្វើទេសចរណ៍នៅកម្ពុជាកាន់តែច្រើនឡើង ។
លោកក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណចំពោះកម្ពុជាដែលគាំទ្រនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ស៊ែប៊ី ដែលមិនទទួលស្គាល់ និងអនុញ្ញាត កូសូវ៉ូ ចូលជាសមាជិកក្នុងអាំងតែប៉ូល និងអង្គការយូណេសស្កូ ដែលនេះបង្ហាញពីជំហរយ៉ាងច្បាស់របស់កម្ពុជាក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោរពការណ៍ និងច្បាប់អន្តរជាតិ តាមអនុសញ្ញានៃអង្គការសហប្រជាតិ និងគោលការណ៍អន្តរជាតិស្តីពីការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព។
លោកបានគូសបញ្ជាក់ថា ក្នុងកម្រិតទ្វេភាគី សភាស៊ែប៊ី និងកម្ពុជា មានកិច្ចការ និងបទពិសោធជាច្រើនដែលត្រូវចែករំលែកពីគ្នាវិញទៅមក ហើយមកទល់ពេលនេះ យើងនៅមិនទាន់មាននៅឡើយនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូច្នេះពេលនេះហើយជាឱកាសដ៏ល្អដែលយើងគួរបង្កើតទំនាក់ទំនងសភានៃប្រទេសទាំងពីរ។ ក្នុងន័យនេះ សភាប្រទេសទាំងពីរគួរតែមានក្រុមមិត្តភាពសភាកម្ពុជា-ស៊ែប៊ី។
លោកស្រី ឃួន សុដារី បានឯកភាពនូវគំនិតផ្តួចផ្តើមក្នុងការបង្កើនកិច្ចសហប្រតិបត្តិរវាងសភានៃប្រទេសទាំងពីរ ដែលជាការពង្រឹងទំនាក់ទំនងជាប្រពៃណីដែលមានយូរណាស់មកហើយ តែត្រូវបានកាត់ផ្តាច់មួយរយៈដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា។ ឥលូវនេះ ចំណងមិត្តភាពប្រទេសទាំងពីរត្រូវបានស្តារឡើងវិញក្នុងរយៈពេល១ ទស្សវត្សន៍ចុងក្រោយនេះ។ លោកស្រី បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជា និងស៊ែប៊ី មានចំណុចដូចគ្នា គឺបានឆ្លងកាត់នូវភាពជូរចត់សង្រ្កាម តែបច្ចុប្បន្ននេះប្រជាជននៃប្រទេសទាំងពីរកំពុងតែរស់នៅដោយសុខសប្បាយដែលបានមកពីផ្លែផ្កានៃសន្តិភាព។
លោកស្រីបានលើកឡើងបន្ថែមថា សភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមរបស់ស៊ែប៊ី ជាសមាជិកសហគមន៍អ៊ឺរ៉ុប (EU) ដែលនេះ គឺជាឱកាសមួយបន្ថែម ដែលកម្ពុជាជាប្រទេសក្នុង ASEAN ហើយ ASEAN មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ដូច្នេះនេះជាការណ៍មួយនៃការពង្រីកទំហំពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។
លោកស្រី បានសម្តែងនូវការអរគុណដល់ប្រទេសស៊ែប៊ី ដែលបានបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN ECOSOC) កាលពីឆ្នាំ ២០១៨ កន្លងទៅ។ ជាងនេះទៅទៀត លោកស្រី បានរំលឹកអំពីការដាក់សំណើរបស់ភាគីកម្ពុជា ចំពោះការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍សម្រួលដល់ការធ្វើដំណើរទៅវិញទៅមកក្នុងគោលបំណងបន្តពង្រីកការអភិវឌ្ឍលើគ្រប់វិស័យទាំងរដ្ឋាភិបាល និងសភា។
លោកស្រី បានបញ្ជាក់ឡើងវិញនៅជំហររបស់កម្ពុជា ចំពោះបញ្ហាកូសូវ៉ូ ដែលអនុលោមទៅតាមគោលការណ៍ និងច្បាប់អន្តរជាតិ ដោយមិនជ្រាតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
មុននឹងបញ្ចប់ជំនួបទ្វេភាគីនេះ លោកស្រី ក៏បានបញ្ជាក់ជូន លោក អនុប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី អំពីយន្តការនៃការបង្កើតកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ និងយន្តការផ្សេងៗ រួមមានការបង្កើតក្រុមមិត្តភាពកម្ពុជា-ស៊ែប៊ី។
ជាចុងក្រោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ម៉ាចា ហ្សកកូវិច ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី និងជាប្រធានមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤១ ដែលបានផ្តល់បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូសភាកម្ពុជា និងការរៀបចំមហាសន្និបាតនេះសម្រេចបានភាពជោគជ័យ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។
តាងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគោរពអញ្ជើញលោកស្រី ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី ឬតំណាងសភា នៃសាធារណរដ្ឋស៊ែប៊ី មកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕