(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា លោក ផាតទ្រីក មូហ្វី បានបង្ហាញជំហរថា នឹងយកចិត្តទុកដាក់ធ្វើឱ្យប្រើសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សារងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះនៅវិមានសន្តិភាព។ ជំហររបស់លោកឯកអគ្គរដ្ឋទូតនេះ ក៏ត្រូវបានយកមកចុះផ្សាយនៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ក្នុងជំនួបថ្ងៃម្សិលមិញនេះ សម្តេចតេជោ និងលោក មូហ្វី បានពិភាក្សាពីកិច្ចគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា មានភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។
ជាមួយគ្នានោះលោក មូហ្វី បានបញ្ជាក់ពីក្តីសង្ឃឹមថា ការងារជាបន្តបន្ទាប់នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់រវាងប្រទេស និងប្រជាពលរដ្ឋទាំងពីរ។
សហរដ្ឋ អាមេរិក បាន បង្កើត ទំនាក់ទំនង ការទូតដោយ ផ្ទាល់ របស់ ខ្លួន ជា លើក តំបូងជាមួយ ប្រទេស កម្ពុជា នៅ ថ្ងៃ ទី ២៩ ខែ មិថុនា ឆ្នាំ ១៩៥០។ តែទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានមើលឃើញមិនសូវជាល្អប្រសើរនោះឡើយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងក៏មានភាពរកាំរកូសខ្លាំងផងដែរ ដោយអាមេរិកតែងលើកពីបញ្ហាឱនភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដាក់សម្ពាធលើកម្ពុជា ហើយការលើកឡើងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបជារឿយៗ។ ទន្ទឹមនឹងការឆ្លើយតបកម្ពុជា ក៏តែងរំលឹកការគាំទ្ររបស់អាមេរិកដល់ការធ្វើរដ្ឋប្រហាររបបដឹកនាំសង្គមរាស្ត្រនិយាមរបស់សម្តេច នរោត្តម សីហនុ រហូតនាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមជាដើម។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពរកាំរកូសមួយចំនួននាពេលកន្លងទៅ។ តែសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំហរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏មានក្តីសង្ឃឹមផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរ៕