(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើនិយាយអំពីស្ថានភាពស្រុកទេស អ្វីដែលគេហៅថាថ្ងៃបដិវត្ដថ្មីដ៏មហិមារបស់ សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ហាក់ដូចជានៅស្ងាត់ចឺន គឺពុំមានអ្វីជាការឲ្យគេបារម្មណ៍នោះទេ។ ដោយគ្រាន់តែក្នុងស្ថានភាពនេះ មានទស្សនៈពីរបានចោទសួរគ្នាពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះជាអាទិ៍៖
ទស្សនៈទី១ ខាងមជ្ឃដ្ឋានអ្នកគំាទ្រពួកប្រឆំាងដែល សម រង្ស៊ី ជាមេក្លោងទំាងក្នុងស្រុក ក៏ដូចជាអ្នករស់នៅក្រៅស្រុក នំាគ្នាស្រែកបន្ទរថាថ្ងៃទី៩ វិច្ឆិកានេះនឹងមានផ្ទុះការបះបោរយ៉ាងគគ្រឹកគគ្រេងអម សម រង្ស៊ី ចូលមកភ្នំពេញដើម្បីចាប់សម្ដេចតេជោ ហ៊ុន សែន។ រីឯទស្សនៈ ទី២ អ្នកគំាទ្ររាជរដ្ឋាភិបាល ពិសេសគំាទ្រសម្ដេចតេជោ ហ៊ុន សែន ទំាងក្នុងស្រុកក៏ដូចជាអ្នករស់នៅក្រៅស្រុកផងដែរ បានប្រកាសអំពីវិធានការផ្លូវច្បាប់ជារៀងរាល់ថ្ងៃ ត្រៀមខ្លួនទូទំាងប្រទេសដើម្បីចាប់ខ្លួន សម រង្ស៊ី ទោះជាចូលមកតាមច្រកណាក៏ដោយដើម្បីឲ្យទទួលទោស។
ស្ថិតត្រង់ចំណុចនេះ បើយើងងាកក្រោយបន្ដិច ពិនិត្យមើលប្រវត្ដិសាស្រ្ដនៃការឈឺចាប់ប្រជាជាតិដ៏កំសត់ខ្មែរយើង គឺយើងច្បាស់ជាសួរថាហេតុអ្វីកម្ពុជាក៏កម្មអ្វីម៉្លេះ? សង្រ្គាមមិនចេះចប់ កម្ពុជាគឺទើបតែងើបផុតពីរបបប្រល័យពូជសាសន៍សោះ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះដោយសារតែការបែកបាក់ជាតិ ពិសេសរបបវាលពិឃាតនេះហើយ ទើបចូលដល់បរិបទថ្មី គឺក្ដីមេត្ដា អាណិតអាសូរខ្មែរ ពីសំណាក់ពិភពលោក បានញុំាងឲ្យមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលបានចាប់បដិសន្ធិថ្ងៃទី២៣ តុលា ឆ្នំា១៩៩៣ គឺជាការសន្មតរបស់ភាគីខ្មែរអ្នកច្បំាងទំាង៤ក្រុម សំរេចចិត្ដរួបរួមគ្នាបញ្ចប់នូវការបង្ហូរឈាមគ្នា បញ្ចប់របបប្រល័យពូជសាសន៍ ឲ្យខ្មែរចេះស្រទ្បាញ់គ្នានេះឯង។
បើឈរលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលពិភពលោកគេអាណិតអាសូរនេះ កម្ពុជាក៏បានហែលឆ្លង និងឆ្លងកាត់នូវព្រឹត្ដិការណ៍គួរឲ្យកត់សម្គាល់ជាច្រើនដំណាក់កាលទៀត ពិសេសខាងនយោបាយដោយក្នុងនោះមាន៖ ទី១, ការបោះឆ្នោតសកលឆ្នាំ១៩៩៣ និងព្រឹត្ដិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦កក្ដដា ឆ្នាំ១៩៩៧ រវាងក្រុមដែលបានអង្គុយចរចាគ្នានៅទីក្រុងប៉ារីសតែម្ដង។
លើកទី២, ការប្រទ្រួសប្រទ្រះគ្នា ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៨ ដែលនៅតែមិនត្រូវគ្នារវាងក្រុមអតីតរដ្ឋកម្ពុជា នឹងក្រុមអ្នកតស៊ូក្រុមតស៊ូជាយដែនទៀត តែក៏មានការព្រមព្រៀងគ្នាបង្កើតរាជរដ្ឋាភិបាលចម្រុះថ្មីមួយ។ រីឯដំណាក់កាលទី៣ គឺព្រឹត្ដិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០០៣ ដោយក្រុមអ្នកតស៊ូជាយដែនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសកលទៀត តែក៏នៅតែមានការចរចាចេញរួចទៀត។ តែឆ្នាំ២០០៨ ក៏ឈានដល់បរិបទថ្មីមួយទៀត គឺក្រុមអ្នកតស៊ូជាយដែនរលាយសូន្យ ហើយមានការងើបឡើងនៃពួកប្រឆំាងគ្មានហេតុផលថ្មីមួយ ដែលមាន សម រង្ស៊ី និង កឹម សុខា ជាមេខ្លោង។
បន្ទាប់មកបានឈានដល់ព្រឹត្ដិការណ៍ដ៏ធំចុងក្រោយ គឺពួកប្រឆំាងថ្មីមួយនេះបានរួមផ្សំធាតុគ្នាប្រមូលសម្លេងឆ្នោតយកបាន៥៥អាសនៈ រីឯក្រុមអ្នកតស៊ូជាយដែន ដែលជាកម្លំាងស្នូលក្នុងការរុញចលនាសន្និសីទទីក្រុងប៉ារីស បានរលាយដូចអំបិលចាក់ចូលទន្លេចតុមុខ ជ្រាបចូលក្នុងទឹកយ៉ាងសូន្យឈឹង។ លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិបទនៃការងើបទ្បើងពួកប្រឆំាងថ្មីនេះ កម្ពុជាក៏ឈានចូលដល់បរិបទថ្មី គឺព្រឹត្ដិការណ៍ «បដិវត្ដពណ៌»។
ពួកអ្នកគំាទ្រជំនោរពួកប្រឆំាងថ្មីរាប់ម៉ឺននាក់ ងើបទ្បើងជ្រួលជ្រើមធ្វើបាតុកម្មពេញទីក្រុងភ្នំពេញ ទាមទារដោយសង្ខើញ «ហ៊ុន សែន អើយចុះចេញទៅៗ» ។ ក្នុងនោះ ដល់នាទីចុងក្រោយ ពួកប្រឆំាងថ្មីនេះបាននំាគ្នាទៅស្បថនៅអង្គរវត្ដ រីឯគណបក្សប្រជាជនកម្ពុជា ដែលបានទទួលអាសនៈ៦៨ បាននំាគ្នាស្បថនៅព្រះបរមរាជវំាង។ បន្ទាប់មកក៏មានការចរចាគ្នាបានត្រឹមតែ កឹម សុខា បានទទួលតំណែងអនុប្រធានទី១រដ្ឋសភា។ ខុសកាលពីក្រុមអ្នកតស៊ូជាយដែនមុនដែលពួកគេទាមទាររហូត ដល់តួនាទីប្រធានរដ្ឋសភា តួនាទីក្នុងរដ្ឋាភិបាល មានឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាគ្រប់ក្រសួង។
កាន់តែទ្បឺកឺជាងនេះទៅទៀត ពួកប្រឆំាងថ្មីនេះបានចាប់ផ្ដើមចាង ហ៊ានក្អេងក្អាងពាសពេញមូលដ្ឋានទូទំាងប្រទេស បំបះបំបោរប្រជាជនឲ្យចេះបែងចែកខ្មែរគ្នាឯង ឲ្យមានបេះដូងកំហឹងគុំគួន ក្នុងនោះមានការបង្កចលាចល បង្កសកម្មភាពខុសច្បាប់នានារាប់មិនអស់ ទើបឈានដល់ការរំលាយពួកប្រឆំាងថ្មីមួយនេះជាស្ថាពរ!
ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូចនេះចំពោះទង្វើខុសច្បាប់របស់ពួកប្រឆំាងថ្មី ឈានដល់ការរលាយសូន្យសុង ហើយស្រែកប្រកូកប្រកាសពីក្រៅប្រទេស ដោយរត់ទៅរកសន្ធិសញ្ញាទីក្រុងប៉ារីស គឺជាការគួរឲ្យខ្មាស់អន្ដរជាតិ! គួរឲ្យខ្មាស់ប្រទេសដែលធ្លាប់ជួយក្រុមអ្នកតស៊ូជាយដែន ឲ្យបានចូលស្រុកនាឆ្នាំ១៩៩៣ទៅវិញទេ។ បើដូច្នេះថ្ងៃទី៩ វិច្ឆិកាខាងមុខគឺជាថ្ងៃខ្មោចលង ជាថ្ងៃ «រាត្រីឆ្កែលូ» យ៉ាងដូច្នេះឯង៕