(ភ្នំពេញ)៖ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងភ្នំពេញប្រកបដោយវិបុលភាព ដោយមានអគារខ្ពស់ៗ នាពេលបច្ចុប្បន្ននេះ ជាសញ្ញាបង្ហាញពីអនាគតដ៏ល្អរបស់កម្ពុជា។ ប្រទេសហុងគ្រី សូមចូលរួមអបអរសាទរជាមួយវឌ្ឍនភាពកម្ពុជា។ ជាមួយគ្នា លោកប្រធានាធិបតីបានជម្រាប សម្តេចប្រធានរដ្ឋសភាថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងយូរលុងមកហើយ ប្រាសាទអង្គរ ជាអច្ឆរិយដ៏ល្អឯកមួយ ដែលពលរដ្ឋហុងគ្រីចង់មកទស្សនា រួមទំាងខ្លួនលោកផង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក យាណូស អាឌ័រ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៅពេលនេះ មានអត្ថន័យជា ប្រវត្តិសាស្រ្ត និងបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ប្រជាជាតិកម្ពុជា។ រដ្ឋសភាកម្ពុជា វាយតំលៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ រួមទំាងសមិទ្ធិផលនានា ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរខិតខំរួមគ្នាសម្រេចបានមកនេះ។
សម្តេចប្រធានរដ្ឋសភា បានរម្លឹកថា ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់មានគុណបំណាច់ដ៏ធំចំពោះកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបបានរំដោះពីរបប ប៉ុល ពត មិនត្រឹមតែប៉ុណ្ណោះ ហុងគ្រីក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសន្តិភាព ជូនកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជាទៀតផង៕