(ប៉ៃលិន)៖ អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានសម្រេចធ្វើការចោទប្រកាន់បណ្ដាញក្រុមឧទ្ទាមម្នាក់ទៀត ឈ្មោះ សួរ សេម ភេទស្រី អាយុ៣៥ឆ្នាំ ពីបទ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលរងនូវការជាប់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ សូរ សេម បានធ្វើការបង្ហោះ និងចែករំលែក តាមរយៈបណ្តាញសង្គម Facebook ជារូបភាព ព្រមទាំងមានខ្លឹមសារថា «១៨ តុលា ២០១៩ ចលនាស្រ្តីគណបក្សសង្គ្រោះជាតិ ០៩ វិច្ឆិកា សង្គ្រោះជាតិយើង» អត្តន័យនេះ គឺសុទ្ធតែមានលក្ខណៈជាការកៀងគរ បំផុសឲ្យមហាជនអោយចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋ ជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន សូមបញ្ជាក់ និងរំលឹកថា អ្នកពាក់ព័ន្ធ និងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ង ការធ្វើរដ្ឋប្រហារខាងលើនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលរងនូវការជាប់ពន្ធនាគារ ពី០៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ប៉ុន្ដែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពបានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕