(ភ្នំពេញ)៖ លោក សុំ វុទ្ធី ជាអតីតសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងជាអតីតអ្នកទោសម្នាក់ក្នុងចំណោម១១នាក់ ដែលជាប់ឃុំជាមួយ លោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធនឹងកុបកម្មនៅលើស្ពាននាគនោះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចូលមកសារភាពនៅចំពោះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបកអាក្រាតអំពីផែនការក្បត់របស់ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល។
លោក សុំ វុទ្ធី បានឱ្យដឹងថា បន្ទាប់ពីត្រូវតុលាការកាត់ទោសពាក់ព័ន្ធនឹងករណីហិង្សានៅលើស្ពាននាគ រូបគេបានចេញពីពន្ធនាគារកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ បន្ទាប់ពីនោះរូបគេ បានទៅព្យាបាលជំងឺនៅប្រទេសថៃ ហើយក៏ត្រូវបាន លោក ម៉ន ផល្លា អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំរាជធានីភ្នំពេញ ហៅឱ្យទៅចូលរួម និងទទួលយកផែនការរបស់ លោក សម រង្ស៉ី ដើម្បីកៀរគរកម្លាំងមហាជន ទទួលទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
អតីតសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបន្ថែមទៀតថា ក្រោយមករូបគេពុំអនុវត្តតាម លោក ម៉ន ផល្លានោះទេ ដោយសារតែទង្វើនេះជាទង្វើក្បត់ជាតិ ហើយ លោក សម រង្ស៉ី ក៏ត្រូវបានតុលាការកាត់ទោសជាច្រើនករណីរួចទៅហើយ។
លោកអះអាងថា៖ «ខ្ញុំយល់ឃើញថា ទណ្ឌិត សម រង្ស៉ី និងបុគ្គលមួយចំនួន ត្រូវបានតុលាការកាត់ទោសពីបទក្បត់ជាតិ ដូច្នេះខ្ញុំមិនធ្វើតាម ខ្ញុំខ្លាចមានរឿងម្តងទៀត ព្រោះខ្ញុំមានរឿងរួចហើយ ជាប់គុក២ដងមិនមានអ្នកទៅមើលទេ ចេញមកវិញត្រូវរើសអើង»។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
រហូតមកដល់ពេលនេះ បក្ខពួករបស់ លោក សម រង្ស៉ី ដែលចាត់ចូលជាក្រុមឧទ្ទាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ពីបទរួមគំនិតក្បត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ អ្នកដែលត្រូវចោទប្រកាន់ទាំងនោះ ភាគច្រើនបានទៅចូលរួមទទួលយកផែនការពី លោក សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែសីហា ដើម្បីយកមកអនុវត្ត ក្នុងការកៀរគរកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តធម៌ បានប្រកាសផងដែរថា អ្នកដែលឃុបឃិត ឬពាក់ព័ន្ធផែនការនេះ នឹងត្រូវទទួលទោស។ ចំណែកឯអ្នកមានការភ្ញាក់រលឹកដឹងខ្លួន ហើយចេញមកសារភាព នឹងអនុញ្ញាតឱ្យរួចផុតពីទោស៕