(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៩០រូប ក្នុងនោះក៏មានទណ្ឌិតជានារីចំនួន៥៨រូបផងដែរ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០-១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ លើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ដែលជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៩០ នាក់ ( ស្រី ១៧ នាក់)»
ក្នុងចំណោមទណ្ឌិត៩០នាក់ ដែលត្រូវបន្ធូរបន្ថែយ និងលើកលែងទោសឱកាសបុណ្យអុំទូក ឆ្នាំនេះមានដូចតទៅ៖ ៖
* បន្ថយទោស៦ខែ ចំនួន ៥៨នាក់ (ស្រី១៣នាក់)
* បន្ថយទោស៩ខែ ចំនួន ១៤នាក់ (ស្រី០១នាក់)
* បន្ថយទោស១២ខែ ចំនួន ០៨នាក់ (ស្រី០១នាក់)
* លើកលែងទោស ចំនួន ១០នាក់ ( ស្រី០២នាក់ )។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ៕