(សៀមរាប)៖ នៅរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានចំណូលចំនួន ៨០,៧០១,២៨៤ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ១៤.០៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួន ១,៨០៤,០០៧នាក់ បានទិញបណ្ណចូលទស្សនាអង្គរ ធ្លាក់ចុះ ១៣.៦៩ភាគរយ។
បើតាមរបាយការណ៍ ចំណូលដែលទទួលបានជាង៨០លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៣,៦០៨,០១៤ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕