(រតនគិរី)៖ អតីតថ្នាក់ដឹកនាំធំៗ នៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តរតនគិរី ចំនួន ៣នាក់បន្ថែមទៀត បានចូលសារភាពទោសកំហុសរបស់ខ្លួន ដែលធ្លាប់ដើរតាមការឃោសនាអកុសលរបស់ មេឧក្រិដ្ឋជន សម រង្ស៉ី។
អ្នកទាំង៣នាក់ ដែលចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនៅខេត្តរតនគិរីនេះ រួមមាន៖
*ទី១៖ ឈ្មោះ យឹម លាង ភេទស្រី ជាប្រធានក្រុមការងារថ្នាក់ខេត្ត
*ទី២៖ ឈ្មោះ រ៉ាន់ សាយលឿន ជាប្រធានប្រតិបត្តិខេត្ត
*ទី៣៖ ឈ្មោះ ស៊ិន បូណា ប្រធានប្រតិបត្តិក្រុងបានលុង។
ក្រោយពេលចូលខ្លួន ចំពោះមុខសមត្ថកិច្ច អ្នកទាំង០៣នាក់ បានសារភាពថា ចាប់តាំងពីក្រោយពេលដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអំណាចសាលដីការបស់តុលាការកំពូល គណបក្សសង្គ្រោះជាតិ អស់សិទ្ធតាមផ្លូវច្បាប់ នឹងត្រូវបន្តសកម្មភាពទៀតហើយ ប៉ុន្តែក្រុមខ្លួនទាំង០៣នាក់នេះ នៅតែបន្តសកម្មភាព ប្រឆាំងការបោះឆ្នោត ឆ្នាំ២០១៨ ដោយបានចូលរួមចលនាដេកផ្ទះឈ្នះឯង, សកម្មភាពប្រមូលគ្នាប្រជុំគាំទ្រទណ្ឌិត សម រង្ស៊ី ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងការគាំទ្រ ទណ្ឌិត សម រង្ស៊ី ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ពិសេសជាងនេះទៀត ក្រុមនេះបានសារភាព អំពីសកម្មភាពដែលខ្លួនបានត្រៀមលក្ខណៈប្រមូលមនុស្សឡើងទៅទទួលទណ្ឌិត សម រង្ស៊ី តាមការញុះញង់ របស់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរី តែសកម្មជនភាគច្រើនស្ទាក់ស្ទើរ ក្នុងការឡើងទៅទទួលទណ្ឌិត សម រង្ស៊ី ដោយសារមិនមានគោលដៅច្បាស់លាស់។
ទន្ទឹមនឹងការសារភាពអំពីចំណុចខុសឆ្គងរបស់ខ្លួនកន្លងមក អ្នកទាំង០៣នាក់ ក៏បានប្រកាសសុំទោសជាសាធារណៈចំពោះមុខច្បាប់ ដោយសុំឲ្យសមត្ថកិច្ច អនុវត្តច្បាប់មេត្តាលើកលែងទោស ចំពោះការខុសឆ្គងរបស់ខ្លួនកន្លងមក និងបានប្រកាសសុំលាលែងឈប់បម្រើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សខុសច្បាប់។
ពួកគេក៏បានប្រកាសអំពាវនាវ ដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ សូមកុំឲ្យចាញ់ឧបាយកលរបស់ក្រុមចលនាប្រឆាំងក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ពិសេសសូមកុំទៅចូលរួមជាមួយសកម្មភាពឡើងទៅទទួលទណ្ឌិតសម រង្ស៊ី ថ្ងៃទី០៩ ខែវិច្ឆិកា ព្រោះទង្វើនេះជាទង្វើខុសច្បាប់ និងជាឧបាយកលដែលទណ្ឌិតសម រង្ស៉ី កៀងគរប្រជាពលរដ្ឋឲ្យទៅចូលរួមបង្កចលាចលសង្គម ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
យោងតាមចម្លើយសារភាពរបស់អ្នកទាំង០៣នាក់ ខាងលើសមត្ថកិច្ចដែលមានភារកិច្ចអនុវត្តច្បាប់ បានធ្វើការលើកលែងទោសតាមអំណាចមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ របស់ព្រះរាជាណាចក្រកម្ពុជា និងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕