(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាពហើយ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីហោះចេញពីកម្ពុជារយៈពេលជិតមួយម៉ោង។

វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ ព្រមទាំងឯកអគ្គរាជទូតខ្មែរប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដែលនឹងប្រារព្ធឡើងនៅទីក្រុងបាងកក នាពេលនេះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។

បើតាមក្រសួងការបរទេសកម្ពុជា ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។

សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់ប្រចាំឆ្នាំនាពេលនេះរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហារបស់អាស៊ាន ប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនត្រូវបានលើកមកជជែក និងស្វែងរកដំណោះស្រាយក្នុងកិច្ចប្រជុំនេះ។

ប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះចំនួនពីរដងរួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២។ កម្ពុជា នឹងដល់វេនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះជាថ្មីនៅឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន ពេលចាកចេញពីកម្ពុជានាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩