(ស្ទឹងត្រែង)៖ មេក្លោងចែកចាយគ្រឿងញៀន ជនជាតិឥណ្ឌូនេស៉ីម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅចំណុចប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ ត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកម្លាំងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល សហការជាមួយកម្លាំងជំនាញខេត្ត។

របាយការណ៍ដដែលបញ្ជាក់ថា មេក្លោងចែកចាយគ្រឿង ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននេះ ឈ្មោះ AGUN ROHMAN អាយុ៣៤ឆ្នាំ ធ្វើដំណើរមកពីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះ កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់សរុប៩៤៩.៨ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រៀបចំសំណុំឯកសារបញ្ជូនទៅកាន់តុលាការ និងស្វែករកមុខសញ្ញាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕