(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានផ្តួចផ្តើមធ្វើអង្គកឋិនទាន និងទទួលបានបច្ច័យជាង ៣ម៉ឺនដុល្លារ ដើម្បីជាបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ។

ឧបនាយករដ្ឋមន្ត្រីទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំ ពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តទួលសង្កែ ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា និងប្រមូលបច្ច័យកសាងសមិទ្ធផលនានា ដោយទទួលបានបច្ច័យ ២៦,៣៦០,០០០រៀល និង២៦,៧២៣ដុល្លារ និងសរុបជាដុល្លារបានចំនួន ៣៣,៣១៣ដុល្លារអាមេរិក ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះលោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចម្រុងចំរើនជារៀងរហូតតទៅ។

សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើម ធ្វើបន្ទាប់ពី បុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕