(ភ្នំពេញ)៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនឧក្រិដ្ឋជនគ្រឿងញៀនឈ្មោះ ឡេ ហុងហ្វី (Le Hong Phi) ដែលជាជនជាតិកាណាដា កាត់វៀតណាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចំណាត់តាមច្បាប់របស់ប្រទេសកម្ពុជា ក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន ដែលមានទម្ងន់រហូតជាង ១តោន។

នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ គឺសមត្ថកិច្ចរបស់កម្ពុជា បានអនុវត្តន៍តាមនិវេទន៍ក្រហម និងកិច្ចសហប្រតិបត្តិការជាមួយ ជាមួយសមត្ថកិច្ចនគរបាល ប្រទេសឥណ្ឌូណេស៊ី កាលពៅវេលាម៉ោង ២៖៣០រសៀលថ្ងៃទី១ ខែវិច្ឆិកា។

បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនទណ្ឌិតឈ្មោះ ឡេ ហុងហ្វី (Le Hong Phi) ដែលជាជនជាតិកាណាដា ពីប្រទេសឥណ្ឌូណេស៊ីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីប្រគល់ជូនតុលាការកម្ពុជាកាត់តាមច្បាប់។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា ជននេះត្រូវផ្ដន្ទាទោសម្តងហើយ ដោយដាក់ពន្ធនាគារអស់មួយជវិត ពីបទជួញដូរ រក្សាទុក និងដឹកជញ្ជូន ដោយខុសច្បាប់សារធាតុញៀន (កូកេអ៊ីន) ជាង ១តោន ពីប្រទេសអេក្វាឌ័រមកកម្ពុជា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ តាមផ្លូវសមុទ្រ ហើយត្រូវសមត្ថកិច្ចចិនបង្ក្រាបនៅកំពង់ផែទីក្រុងសៀងហៃ៕