(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះប្រខែ អកអំបុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ ចាប់ផ្ដើមពីម៉ោង១៣៖០០រសៀលតទៅ នៅសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្បែររូបសំណាក «តេជោមាស តេជោយត» ដោយមានការចូលរួមពីបណ្តាទូក ប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការរៀបចំពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

ដើម្បីញ៉ាំងឲ្យពិធីប្រណាំងទូកសាកល្បងថ្នាក់រាជធានីនេះ ប្រព្រឹត្តទៅប្រកបដោយឱឡារិកអធិកអធម និងសប្បាយរីករាយ ជាពិសេសជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរដែលមាន តាំងពីយូរលង់ណាស់មកហើយ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖