(កំពង់ចាម)៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំងសហការី បានដង្ហែអង្គកឋិនទានសាមគ្គី ក្រោមការផ្ដួចផ្ដើមពី លោក ហ៊ុន ណេង អនុប្រធានទី១ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ចុះជួយស្រុកស្ទឹងត្រង់, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកផ្ទាល់ ព្រមទាំងកងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្ត ឆ្ពោះទៅកាន់វត្តឧប្បុល្លគីរី (ហៅវត្តទួលសំបួរ) ស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាននាំយក ទេយ្យវត្ថុមួយចំនួន និងបច្ច័យសម្រាប់កសាងចំនួន ៤០,៣២០,០០០រៀល ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃ សរុប១១អង្គ តាអាចារ្យ៧នាក់ តាជីយាជី១០នាក់ ចែកជូនប៊ិចសៀវភៅ ថវិកាដល់សិស្សានុសិស្សចំនួន១១៧នាក់ និងឧបត្ថម្ភថវិកាដល់កម្លាំងប្រជាការពារចំនួន២១នាក់ផងដែរ។

សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមាន កំណត់ពេលវេលាច្បាស់លាស់ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាត។ ក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕