(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺមួយ ឆ្លើយតបនឹង ការលើកឡើងរបស់ លោក Richard Rogers តាមវិទ្យុអាស៊ីសេរី ដែលបានបំភ្លៃការពិត ផ្ទុយពីគោលការណ៍ច្បាប់ ពាក់ព័ន្ធនឹងវិធានការចំពោះជនដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីបំភ្លឺនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖
សេចកី្តបំភ្លឺតបរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល ចំពោះកិច្ចសម្ភាសន៍ រវាងវិទ្យុអាស៊ីសេរី និងមេធាវី Richard Rogers កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាល ធើ្វការពន្យល់ និងឆ្លើយតបចំពោះពាក្យសម្តីបំភ្លៃការពិត និងដែលផ្ទុយពីគោលការណ៍ច្បាប់ ជូនទៅមេធាវី Richard Rogers និងវិទ្យុអាស៊ីសេរី ព្រមទាំងសាធារណជន ជ្រាបដូចខាងក្រោម៖
- Richard Rogers ដែលតាំងខ្លួនជាមេធាវីអន្តរជាតិ និងជាអ្នកវិភាគ ជារឿយៗតែងបានធើ្វការវាយប្រហារ ដោយមានចេតនាលម្អៀង បំផុសអង្គហេតុដែលផ្ទុយពីការពិត ក្នុងគោលបំណងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ត្រឹមត្រូវ សេរី និងយុតិ្តធម៌។
- Richard Rogers ជាបុគ្គលដែលតែងបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន សម រង្ស៊ី ក្នុងការប្រឌិតអង្គហេតុ ធើ្វបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងរាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាប្តឹងចោទប្រកាន់លើ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ពាក្យបណ្តឹងដែលបុគ្គលនេះធើ្វឡើង សុទ្ធសឹងតែគ្មានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវ ដែលជាហេតុធើ្វឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទុកចោល ដោយមិនធើ្វការពិចារណា។
- ផែនការវិលត្រឡប់មកវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក គឺជាផែនការឧក្រិដ្ឋក្នុងទិសដៅធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក បានប្រកាសច្បាស់ៗ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រកាសផ្តល់ថវិកាទិញទឹកចិត្តកងកម្លាំងប្រដាប់អាវុធ បំផុសឲ្យប្រជាពលរដ្ឋក្រោកឈរឡើងព្រមៗគ្នា ឡោមព័ទ្ធទីស្នាក់ការភូមិ ឃុំ និងស្នងការដ្ឋាននគរបាលទូទាំងប្រទេស ជេរប្រមាថ និងបង្ខំព្រះមហាក្សត្រឲ្យដាក់រាជ្យ ព្រមទាំងប្រកាសចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន។ អំពើទាំងអស់នេះ គឺជាផែនការឧក្រិដ្ឋ ក្នុងគោលបំណងធើ្វរដ្ឋប្រហារ ដែលច្បាប់ព្រហ្មទណ្ឌកម្ពុជា កំណត់ថាជា បទឧបឃាត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ឬ អស់មួយជីវិត (ប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រីរាជការ)តាមមាត្រា៤៥១ និងមាត្រា៤៥២ នៃក្រមព្រហ្មទណ្ឌ។
- ច្បាប់ក៏បានចែងកំណត់ច្បាស់ថា បុគ្គលទាំងឡាយណា ទោះបីជាជនស៊ីវិលក៏ដោយ ដែលបានចូលរួម ឬគាំទ្រដល់ចលនាឧក្រិដ្ឋខាងលើនេះ នឹងត្រូវទទួលទោសពីបទរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ឬដល់ទៅ ២០ឆ្នាំ (ប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រីរាជការ) អនុលោមតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីផែនការឧក្រិដ្ឋនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់គ្រប់មធ្យោបាយ ផ្សព្វផ្សាយជាសាធារណៈជូនសាធារណជនជ្រាប ក្នុងគោលបំណងទប់ស្កាត់ កុំឲ្យចាញ់ឧបាយកលបោកបញ្ឆោត ដែលនាំឲ្យធ្លាក់ខ្លួនក្នុងអំពើល្មើសជាមួយក្រុមឧក្រិដ្ឋជន។
- ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលមានផែនការចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺចូលមកក្នុងនាមជាទណ្ឌិត និងជាឧក្រិដ្ឋជន រីឯបុគ្គលដែលរួមដំណើរ និងបុគ្គលដែលគាំទ្រសកម្មភាពឧក្រិដ្ឋជន គឺជាអ្នករួមគំនិតក្នុងអំពើក្បត់ ដែលត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ដោយតុលាការមានសមត្ថកិច្ច។ សុំបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន និងក្រុមចូលរួមគាំទ្រសកម្មភាពរបស់ឧក្រិដ្ឋជនក្នុងផែនការធើ្វរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលនេះ គឺពុំមានតួនាទីជាអ្នកតំណាងរាស្រ្តជាប់ឆ្នោត និងពុំមែនជាជនស៊ីវិលស្លូតត្រង់ ដូចការលើកឡើងរបស់ Richard Rogers នោះទេ ពោលគឺពួកគេជាជនល្មើសក្នុងបទឧក្រិដ្ឋ។
- ផ្អែកតាមមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិបញ្ជាក់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ក៏ដូចជាជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កងកម្លាំងមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចទប់ស្កាត់ និងបង្ក្រាបនូវរាល់បុគ្គលណា ដែលធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា ។
ទាំងនេះ គឺជាការឆ្លើយតបចំពោះការលើកឡើងបែបបំភ្លៃរបស់មេធាវី Richard Rogers ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានេះ មេធាវី Richard Rogers ក៏គប្បីសិក្សាឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយអំពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា មុននឹងផ្តល់ការវិភាគ ឬវាយតម្លៃដោយអគតិ ចំពោះភាពត្រឹមត្រូវ និងស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា៕