(បាងកក, ថៃ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃនៅក្នុងប្រទេសថៃ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។
ព្រះករុណា ព្រះចៅ ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមអំណរសាទរចំពោះ ភាពជោគជ័យ ដែលរដ្ឋាភិបាល និងប្រជាជនថៃ សម្រេចបានក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០១៩នេះ។
បន្ទាប់ពីការថ្លែងសុន្ទរកថា បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ាន បានរួមសហការគ្នាក្នុងការឈានទៅសម្រេចបាននូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្តនេះរួចមក លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញជូនញញួរដល់លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលើកទី៣៧ នៅឆ្នាំ២០២០ខាងមុខ។
បន្ទាប់ពីទទួលបានញញួរជាប្រធានបន្តវេនដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ លោក ង្វៀន សួនហ៊្វុក បានប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឱ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍ នៃប្រជាជនអាស៊ានជាង ៦៥០លាននាក់៕