(ត្បូងឃ្មុំ)៖ លោកឆៃ វិត អតីតប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិឃុំជាំ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងជាឃោនិករបស់អតីតក្រុមប្រឆាំង នៅឃុំជាំ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសារភាព ហើយអំពាវនាវដល់សកម្មជនទាំងអស់ កុំចូលរួមជាមួយចលនាផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះឱ្យសោះ។
លោកបានចាត់ទុកថា នយោបាយរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម បានដើរហួសបន្ទាត់ក្រហម ដោយបានរៀបចំផែនការបំផ្លិចបំផ្លាញដល់សន្តិភាពរបស់ប្រទេសកម្ពុជា និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបានអះអាងថា ពេលនេះលោកសម្រេចចិត្តចាកចេញពី ក្រុមប្រឆាំង ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ នៅឃុំជាំ ខេត្តត្បូងឃ្មុំនេះ ដោយសារតែនយោបាយបំផ្លិចបំផ្លាញ លោក សម រង្ស៉ី។
លោកបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ កុំចូលរួមតាមការញុះញង់របស់ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកបានកោតសរសើរដល់រាជរដ្ឋាភិបាល ចំពោះការខិតខំការពារសន្តិភាព និងប្រជាពលរដ្ឋផងដែរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ឆៃ វិត៖