(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងលោក ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុក លោកលោកស្រីមន្ទីរជុំវិញខេត្ត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត និងផ្តល់ថវិកាក្នុងម្នាក់៥មុឺនរៀល ដល់ក្រុមកីឡាករប្រណាំងទូកង ជាង៩០០នាក់ ក្នុងនោះមានគណៈកម្មការទូក ចំណុះទូក ចំណុះបំរុង និងចុងភៅទូក សរុបទូកទាំងអស់៩ទូក ក្នុងស្រុកក្រូចឆ្មារ ចំនួន០៧ទូក និងស្រុកត្បូងឃ្មុំចំនួន២ទូក។

មានប្រសាសន៍ក្នុងឱកាសចុះជួបក្រុមកីឡាករដោយផ្ទាល់នៅស្រុុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមកីឡាករទូកងទាំងអស់ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ក៍ដូចការសាមគ្គីរបស់ពលរដ្ឋទូទាំងប្រទេស រួមគ្នាសប្បាយរីករាយអកអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ តស៊ូលះបង់គ្រប់បែបយ៉ាង ជូនជាតិមាតុភូមិកម្ពុជា ដែលប្រជាជនខ្មែរចង់ចាំមិនភ្លេច។

លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ទឹកចិត្តជាអ្នកកីឡាករឈ្នះឬចាញ់ជារឿងធម្មតាតែការតាំងចិត្តដើម្បីឈ្នះគឺជាឆន្ទៈសំខាន់សម្រាប់កីឡាករគ្រប់រូប។

បន្ថែមលើសពីនេះ លោកអភិបាលខេត្ត បានជំរុញឲ្យកីឡាករទាំងអស់ ត្រូវនាំគ្នាហ្វឹកហាត់ឱ្យបានទៀងទាត់ ថែទាំ សុខភាព ទាំងការហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈប្រកួត ប្រជែងនាឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថែ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងចូលមក ដល់នាពេលខាងមុខឆាប់ៗ ដើម្បីញ៉ាំងបរិយាកាសនៃព្រះរាជពិធីបុណ្យនេះឲ្យកាន់តែសប្បាយរីករាយ កាន់តែមានភាពល្បីល្បាញឡើង៕